(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា នាយករងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា ជំងឺមហារីកក្រពះ ពោះវៀន បង្កការលំបាកច្រើន ហើយជំងឺមួយនេះ វាស្ថិតនៅលេខរៀងទី៣ ក្នុងចំណោមជំងឺមហារីកទាំងអស់ និងអត្រាស្លាប់ខ្ពស់។

លោកថា ប្រសិនបើយើងស្វែងការព្យាបាល តាមរយៈវិធីសាស្រ្តឆ្លុះនេះ អាចកាត់បន្ថយនៃអត្រាស្លាប់នេះបានខ្ពស់ និងកាត់បន្ថយរាល់ការចំណាយច្រើនផងដែរ។

ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត ក្នុងសន្និសីទរួមគ្នាលើកទី២ ស្តីពីអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារ (ជំងឺមហារីកក្រពះ ពោះវៀន) កម្រិតជំនាញ រវាងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមនី្ទរពេទ្យអាស៊ាន នាព្រឹកថ្ងៃទី៤ ខែតុលានេះ។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ ស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ដើម្បីកាត់បន្ថយអត្រាស្លាប់ នៃជំងឺមហារីកនេះ។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានឲ្យដឹងទៀតថា នេះជាលើកទី១ ដែលមនី្ទរពេទ្យ បានរៀបចំសន្និសីទឡើង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ យោបល់ និងចែករំលែកបច្ចេកទេសគ្នាទៅវិញទៅមក ក្នុងបំណងជំរុញឲ្យមានការយកចិត្តទុកដាក់ពង្រឹង និងលើកស្ទួយបច្ចេកទេស ដើម្បីឲ្យការផ្តល់សេវាព្យាបាល និងថែទាំ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ លោកសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា តាមរយៈសន្និសីទថ្ងៃនេះ ដើម្បីស្តារនូវចំណេះដឹង និងបង្កើនចំណេះជំនាញ សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋកម្ពុជា ឲ្យបានសមស្រប។

លោកសាស្រ្តាចារ្យ ស៊ា ហួង សង្ឃឹមយ៉ាងមុតមាំ និងជំរុញដល់គ្រូពេទ្យ ឯកទេសទាំងអស់ រួមគ្នាលើកកម្ពស់ការព្យាបាលជំងឺមហារីកក្រពះនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ បន្ទាប់ពីទទួលបាននូវការចែករំលែក នូវបទពិសោធន៍នៅពេលនេះ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៩នេះ ជាករណីពិសេស ដែលមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយសមាគមដុកធួហ្គេតឌឺ (Doctogether) និងអាសាន មេឌីខល សេនធឺ (Asan Medical Center) របស់សាធារណៈរដ្ឋកូរ៉េខាងត្បូង រៀបចំសន្និសីទរួមគ្នាលើកទី២ ដោយផ្តោតសំខាន់ប្រធានបទ លើការព្យាបាល និងថែទាំជំងឺផ្នែកអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារ (ជំងឺមហារីកក្រពះ ពោះវៀន) តាមបែបវិទ្យាសាស្រ្តទំនើប ដោយពុំចាំបាច់ វះកាត់ ដែលជំងឺនេះក៏កំពុងតែមានការកើនឡើងនៅកម្ពុជា៕