(ឧត្តរមានជ័យ)៖ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការ តាមមន្ទីរអង្គភាព នាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៧២៦គ្រួសារ នៅស្រុកបន្ទាយអំពិល។
លោក ប៉ែន កុសល្យ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា អំណោយដែលយកមកចែកជូននៅពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែខិតខំយកចិត្តទុកដាក់ដោះស្រាយ គិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ តាមរយៈកាកបាទក្រហមកម្ពុជា។
លោកអភិបាលខេត្តបានបន្តទៀតថា អំណោយនាពេលនេះ គឺតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយរដ្ឋបាល ខេត្តឧត្តរមានជ័យ និងរដ្ឋបាលស្រុកបន្ទាយអំពិល ដែលបានរៀបចំឡើងនាឱកាសនេះ។
ជាមួយគ្នានោះលោក ប៉ែន កុសល្យ បានថ្លែងកោតសរសើរដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តឧត្តរមានជ័យ ដែលបានសហការរៀបចំកម្មវិធីនេះ ឲ្យមានភាពអធិកអធម ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញនូវស្មារតីយកចិត្តទុកដាក់ខ្ពស់ និងក្តីស្រឡាញ់ចំពោះលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ស្រុកបន្ទាយអំពិល។
លោកអភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ពិធីចែកអំណោយនៅពេលនេះ មានគោលបំណងកាត់បន្ថយ និងបង្កើនជីវភាពខ្លះៗដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍។
លោកថា ទោះបីអំណោយទាំងនេះ មិនអាចគ្រប់គ្រាន់ក៏ពិតមែន តែបានដោះស្រាយការលំបាក់របស់បងប្អូនបានមួយគ្រាដែរ សំខាន់គឺបងប្អូនត្រូវខិតខំប្រឹងប្រែង បង្កើតមុខរបរ បង្កបង្កើនផល ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម សម្រាប់ដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង៕