(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានមួយ តាមការណែនាំពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងការបង្ហាញមុខជនជាតិចិនម្នាក់ ពាក់ព័ន្ធឃាតកម្មគិតទុកជាមុន, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់សារធាតុញៀន មុនបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ការធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខនេះ បានធ្វើឡើងក្រោយពីកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនព្រហ្មទណ្ឌ តាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ដោយមានកិច្ចសហការល្អ ពីកម្លាំងអធិកាដ្ឋាននគរបាលខណ្ឌទួលគោក, អធិការដ្ឋានខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរូបនេះ បញ្ជាក់ទៀតថា មុនឈានដល់ការតាមស្រាវជ្រាវឃាត់ខ្លួនជនជាតិចិនម្នាក់នេះ គឺអនុវត្តឡើងក្រោយពីរូបគេធ្វើសកម្មភាព (ឃាតកម្មគិតទុកជាមុន) បាញ់ប្រហារទៅលើជនរងគ្រោះ ជាជនជាតិចិនដូចគ្នា ចំនួន ០៣គ្រាប់ តែមិនបណ្តាលឲ្យរងរបួសនោះទេ នៅចំណុចមុខទ្វារច្រកចូលភោជនីយដ្ឋាន និងកាហ្វេហ្គ្រីន ផ្ទះលេខ១៦៦ ផ្លូវលេខ១៥០ ក្រុម៨ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីម៉ោង១៩៖៥០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរូបនេះ បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យ ដែលជាជនជាតិចិន ពាក់ព័ន្ធឃាតកម្មគិតទុកជាមុន ដោយដកហូតបានអាវុធខ្លី១ដើម និងរថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស១គ្រឿង កម្លាំងការិយាល័យ បានតាមស្រាវជ្រាវភ្លាមៗទៅតាមជុំនាញរកឃើញថ្នាំញៀនមួយចំនួនទៀត ប្រហែលជិតកន្លះគីឡូក្រាម ស្ថិតនៅចំណុចផ្ទះសំណាក់ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
លោកបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ LAI SUNG MAO ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ ៣០៦៧០១៩៧១ ចុះថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៣ មានទីលំនៅស្នាក់នៅផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ឯជនរងគ្រោះឈ្មោះ XIAO HONG JE ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុរខរបរពាណិជ្ជករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៩៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន។ ម្នាក់ទៀតឈ្មោះ ស្រូ រិទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររូបង្រៀន ស្នាក់នៅផ្ទះលេខ៣៧២ ផ្លូវលេខ ១១៣សេ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សូមជម្រាបថា ចំពោះវត្ថុតាង ដែលកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដកហូតបានពីជនជាតិចិនសង្ស័យម្នាក់ ពាក់ព័ន្ធឃាតកម្មគិតទុកជាមុន, កាន់កាប់អាវុធដោយគ្មានការអនុញ្ញា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មុនបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី រួមមាន៖
អាវុធខ្លីម៉ាក SIG SAUER P៣២០SP លេខ៥៨C៣៩២៦៧៧ ចំនួន០១ដើម
-បង់កាំភ្លើង ចំនួន០១ និងគ្រាប់ចំនួន៣០គ្រាប់
-លិខិតឆ្លងដែនចំនួន ០២ក្បាល លេខ៣០៦៧០១៩៧១ និងលេខ ០៣៦៦៧១៩១
-ទូរសព្ទ័ដៃចំនួន ០២គ្រឿង ម៉ាក (IPhone7) ពណ៌ខ្មៅ និងម៉ាក (HAUWEI) ពណ៌ទឹកប៊ិច
-ម្សៅពណ៌ស (សង្ស័យជាគ្រឿងញៀន) ចំនួន១០កញ្ចប់
-ថ្នាំគ្រាប់ម៉ាកហ្វាយ (សង្ស័យជាគ្រឿងញៀន) ចំនួន០៥គ្រាប់
-ថ្នាំគ្រាប់ ពណ៌ខៀវ និងពណ៌ផ្កាឈូក (សង្ស័យជាគ្រឿងញៀន) ចំនួន១៨គ្រាប់
-កាបូបពណ៌ខ្មៅ ចំនួន០១
-កូនសោរថយន្ត ចំនួន ០១ ,កូនសោម៉ូតូ ចំនួន ០១
-រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ ទឹកមាស លេខតួ JTFGD២១A៥១០០១៧៥៥៦ ពាក់ស្លាកលេខ ភ្នំពេញ ២AY ៩២២៣។
-អាវយឺតដៃខ្លី ពណ៌ខ្មៅ មានអក្សរ HUGO BOSS(SPRONG/SUMMER 2018) ចំនួន ០១
-ខោជើងខ្លី ពណ៌ ត្រួយចេក (មានខ្សែចងពណ៌ខ្មៅ) ចំនួន ០១
-ស្បែកជើងសង្រែក ពណ៌ខ្មៅ ចំនួនមួយគូរ៕