(ភ្នំពេញ)៖ ស្របពេលជាមួយរដ្ឋសភាបើកសម័យប្រជុំលើកទី៣ នីតិកាលទី៦ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីសមាជិករដ្ឋសភាបានចុះបំពេញ បេសកកម្មនៅតាមមណ្ឌលរៀងៗខ្លួនមកនោះ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា (គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍) បានលើកបង្ហាញនូវគុណសម្បត្តិមួយចំនួនរបស់តំណាងរាស្ត្រទាំងអស់ ដែលបានបំពេញដើម្បីបុព្វហេតុប្រជាជន និងប្រទេសជាតិ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា បើទោះបីសមាជិក សមាជិការដ្ឋសភាទាំងអស់មានការមមាញឹកក៏ដោយ ក៏បានចុះជាប់ជិតនៅជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ខ្យល់កន្រ្ទាក់ និងឧបទ្ទវហេតុផ្សេងៗ។ លោកបន្តថា សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង ដោយមិនគិតពីការនឿយហត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ម្ចាស់ឆ្នោត ដែលបានផ្តល់សេចក្តីទុកចិត្តជូនសមាជិក សមាជិការដ្ឋសភា តាមរយ:ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
ជាមួយការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់តំណាងរាស្ត្រហើយនោះ លោក ហ៊ុន ម៉ានី ចេញសារការពាររដ្ឋសភានីតិកាលទី៦ ដែលមានអាយុជាងមួយឆ្នាំនេះ ពីការរិះគន់ ឬវាយប្រហារមួយចំនួនពីសំណាក់ក្រុមអ្នកប្រឆាំង ក៏ដូចជាប្រទេសជាមិត្តមួយចំនួនផងដែរ។
តំណាងរាស្ត្រវ័យក្មេងរូបនេះ បានលើកឡើងថា បើទោះកន្លងមកមានការបកស្រាយ និងការអត្ថាធិប្បាយខុសៗគ្នា ទាក់ទងការបោះឆ្នោតកាលពីឆ្នាំ២០១៨ យ៉ាងណាក៏ដោយ តែអត្រាអ្នកទៅបោះឆ្នោតប្រមាណ ៨៣,០២% និងការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សនយោបាយចំនួន ២០ទៀត មិនត្រឹមតែបានឆ្លុះបញ្ចាំងពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីបំណងប្រាថ្នាពិតរបស់ម្ចាស់ឆ្នោត ដែលមានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ជាមួយការពារតម្លៃរបស់សមាជិកសភា និងរដ្ឋសភានីតិកាលទី៦ហើយនោះ លោក ហ៊ុន ម៉ានី ក៏បានសំណូមពរដល់ប្រទេសជាមិត្តឱ្យឈប់ចោទប្រកាន់ ឬធ្វើអត្ថាធិប្បាយទាំងឡាយផ្ទុយពីឆន្ទៈប្រជាពលរដ្ឋខ្មែរដែលបានចេញទៅបោះឆ្នោតជាង ៦លាននាក់។
«ខ្ញុំសូមសំណូមពរដល់មិត្តភក្តិកម្ពុជាទាំងអស់ បញ្ឈប់ការចោទប្រកាន់ ឬការអត្ថាធិប្បាយណាមួយ ដែលផ្ទុយពីឆន្ទះរាស្រ្តជាង ៦លាននាក់ ហេីយងាកមកបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគី ដេីម្បីសម្រេចបាននូវគោលបំណងរួមសម្រាប់ប្រទេសយេីងទៅវិញទៅមក»។ លោក ហ៊ុន ម៉ានី បញ្ជាក់។
តំណាងរាស្ត្រវ័យក្មេងរូបនេះ ក៏បានលើកបង្ហាញពីតាំងចិត្តរបស់សមាជិកសភាទាំងអស់ក្នុងការបន្តធ្វើការងារបន្ថែមទៀត បើទោះបីសម្រេចបានសមិទ្ធផលជាច្រើនរួចមកហើយយ៉ាងណាក្តី។ លោកបានបញ្ជាក់ថា «បើទោះជាសមាជិក សមាជិកាយើង សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយ:ពេលកន្លងយ៉ាងណាក៏ដោយ ក៏យើងនៅមានភារកិច្ចជាច្រើនផ្សេងទៀតដែលត្រូវបំពេញដែរ»។
លោកបន្ថែមថា ក្រៅពីការងារស្នូលជាច្រើន សមាជិកសភាត្រូវបន្តចូលរួមដោះស្រាយបញ្ហាទាំងឡាយ ដែលប៉ះពាល់ដោយផ្ទាល់ទៅនឹង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាធានាឲ្យបាននូវសេចក្តីសុខ និងការរីកចម្រើនសម្រាប់ពួកគាត់ទាំងអស់គ្នា៕