(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសហមេត្រី ថ្នាក់សេនា ជូនដល់មន្ត្រី FBI សហរដ្ឋអាមេរិក ដែលមានស្នាដៃល្អ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ លើវិស័យការពារសន្តិសុខសុវត្ថិភាព។
មេដាយសហមេត្រីថ្នាក់សេនា មានចំនួន២គ្រឿង ដែលត្រូវបំពាក់ដល់មន្ត្រី FBI សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា។ មន្ត្រី FBI ទាំង២រូប ដែលទទួលបានការបំពាក់មេដាយ គឺលោក John D. Wilson ដែលជាសេនានុព័ន្ធផ្នែកច្បាប់ FBI និងលោក Sean L. Yan សេនានុព័ន្ធរងផ្នែកច្បាប់ FBI។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ក្នុងពិធីបំពាក់មេដៃ ថ្លែងអំណរគុណចំពោះតំណាង FBI លោក John D. Wilson ដែលបានបញ្ចេញស្នាដៃរយៈពេល២ឆ្នាំ ក្នុងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន FBI និងនគរបាលជាតិកម្ពុជា។
អគ្គស្នងនគរបាលជាតិ បានថ្លែងកត់សម្គាល់៣ចំណុច នៃជោគជ័យកិច្ចសហប្រតិបត្តិការរវាង FBI ជាមួយនគរបាលជាតិកម្ពុជា ដែលធ្វើឲ្យបទល្មើសបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ រួមមាន៖
*ទី១៖ កិច្ចសហប្រតិបត្តិការ ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ជាពិសេសការទប់ស្កាត់អំពើអានាចារ្យរំលោភផ្លូវភេទលើកុមារ និងករណីមួយចំនួនទៀត ដែលមានយ៉ាងហោចប្រមាណ១០ករណី
*ទី២៖ FBI បានជួយក្នុងការបណ្តុះបណ្តាល ធនធានសមត្ថភាពដល់នគរបាលជាតិកម្ពុជា
*ទី៣៖ FBI បានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងឧបករណ៍បច្ចេកទេស ក្នុងការបញ្ចូលមុខសញ្ញា ទៅក្នុងទិន្នន័យកុំព្យូទ័រ បានជាង១ម៉ឺននាក់ផងដែរ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកន្លងមកនេះ បានធ្វើឲ្យជនជាតិអាមេរិក ប្រព្រឹត្តបទល្មើសនៅកម្ពុជា មានការថយចុះគូរឲ្យកត់សម្គាល់ នេះជាមោទនភាពរបស់អាមេរិក និងកម្ពុជា។
ជាមួយគ្នានេះ លោក John D. Wilson ដែលជាសេនានុព័ន្ធផ្នែកច្បាប់ FBI បានថ្លែងអំណរគុណដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រគល់នូវមេដាយ ដែលបានបំពាក់នៅថ្ងៃនេះ។ លោក John D. Wilson មានសេចក្តីរីករាយ នឹងការបំពេញកិច្ចសហប្រតិបត្តិការ ជាមួយកម្លាំងនគរបាលជាតិកម្ពុជា ដែលលោកបានចាត់ទុកថា ជាកម្លាំងដែលមានជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវ ហើយលោករំពឹងថា FBI នឹងបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងនគរបាលជាតិកម្ពុជានាពេលអនាគត៕