(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានទទួលលោកស្រី ចំរើន មុទិតា នាយកគម្រោង LASED II របស់ធនាគារពិភពលោក (WB) ប្រចាំកម្ពុជា និងសហការី ដើម្បីចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II)។
លោកស្រី ចំរើន មុទិតា បានឲ្យដឹងថា បច្ចុប្បន្នសម្បទានិក បានក្លាយជាម្ចាស់ដី ម្ចាស់កសិដ្ឋាន ចេះគិតគូ ដឹកនាំ គ្រប់គ្រង រៀបចំទុកដាក់កូនឲ្យមានគូស្រករ ក្មេងៗបានចូលរៀន ធានាបាននូវសន្តិស្បៀង និងអាហារូបត្ថម្ភ និងជាពិសេសនោះ មានគ្រួសារប្រហែល៣០ ទៅ៤០ភាគរយ នៃគម្រោងមានចំណូលរហូតដល់ទៅ ៣,០០០ដុល្លារក្នុង១ឆ្នាំ ហើយគ្រួសារខ្លះមានលទ្ធភាពទិញរថយន្ត និងត្រាក់ទ័រមកប្រើប្រាស់ផ្ទាល់ខ្លួន។
លោកស្រីបន្តទៀតថា ទាក់ទងនឹងការងារបង្កបង្កើនដំបូងពួកគាត់ ពិបាកទទួលយកនូវបច្ចេកទេសកសិកម្ម ដែលក្រុមការងារបានផ្តល់ជូន ប៉ុន្តែឥឡូវពួកគាត់អាចចាប់យកបានល្អ និងយកទៅអនុវត្ត ទទួលបានផលយ៉ាង គាប់ប្រសើរ និងខ្លះទៀតឈានទៅប្រែក្លាយជាកសិពាណិជ្ជករ។ ទាក់ទងរឿងនេះ គម្រោងកំពុងស្វះស្វែងរកដៃគូ ជួយនាំយកកសិផលទាំងនោះមកកាន់ទីផ្សារ ដើម្បីបង្កើនការផលិត ធានានិរន្តរភាពផលិត និងបង្កើនចំណូលគ្រួសារ។
សម្រាប់ LASED III លោកស្រីជម្រាបជូនថា គម្រោងនឹងពិនិត្យលើតុល្យភាព នៃប្រាក់ចំណូលរបស់ពួកគាត់ សិក្សានិងវាយតម្លៃលើហេតុផលពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាបង្កើនភាគរយនៃគ្រួសារដែលមានប្រាក់ចំណូល ៣,០០០ដុល្លារក្នុង១ឆ្នាំ ឲ្យឡើងដល់ជាង ៥០ភាគរយនិងកើនឡើងជាបន្តបន្ទាប់ សមស្របការកើនឡើងសមាជិកគ្រួសារ និងសេដ្ឋកិច្ចសង្គម។
ករណីនេះ លោកស្រី ក៏បានស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ពិនិត្យពិចារណាបង្កើនទំហំដី ផ្តល់ជូនពួកគាត់ឲ្យបានពី ២ទៅ៣ហិកតា ចំពោះគ្រួសារដែលយកទៅបង្កបង្កើនផលពិតប្រាកដ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ WB ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអនុវត្តគម្រោងក្នុងគោលបំណង អភិវឌ្ឍដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានចែកជូនឲ្យប្រជាពលរដ្ឋក្រីក្រយកទៅ កសាងលំនៅឋានថ្មី និងបង្កបង្កើនផល។
លោកបានកោតសរសើរ និងវាយតម្លៃចំពោះលទ្ធផល ដែលគម្រោងសម្រេចបាន ហើយវាបានមកដោយសារការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ឈរលើស្មារតីទទួលខុសត្រូវ សហការពីគ្រប់ភាគីពាក់ព័ន្ធ។
លោករដ្ឋមន្រ្តី បានទទួលយកក្នុងក្តីសោមនស្ស ដោយសារគម្រោងបានធ្វើឲ្យស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរជាបន្តបន្ទាប់ តាមរយៈការកើនឡើងផលិតផលកសិកម្ម ដែលពួកគាត់បានដាំដំណាំ បន្លែបង្ការ និងចិញ្ចឹមសត្វលើដីនោះ។
លោករដ្ឋមន្ដ្រីបន្ដថា ពិតណាស់ចំណូល ដែលទទួលបានពីភោគផលទាំងនេះ បានកែប្រែកម្រិតជីវភាពពីមួយជំហាន ទៅមួយជំហានឆ្ពោះទៅកាន់គ្រួសារ មានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា ផ្លូវទៅកាន់គោលដៅនៅវែងឆ្ងាយ ដែលទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួម សហការឲ្យបានពេញលេញ មានឆន្ទៈ និងឧត្តមគតិ ធ្វើយ៉ាងណាឲ្យសម្បទានិក ទាំងអស់នោះកើតមក ត្រូវរស់បានយ៉ាងរឹងមាំទាំងផ្លូវចិត្ត ផ្លូវកាយ និងសេដ្ឋកិច្ចគ្រួសារ ស្របតាមគោលនយោបាយ ផ្តល់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។
ទាក់ទងទីផ្សារកសិផល រដ្ឋមន្រ្តីបានផ្តល់មតិឲ្យគម្រោងសហការជាមួយវិស័យឯកជន ដើម្បីរកដំណោះស្រាយ មានទីផ្សារមានការផលិត មានទីផ្សារមានបរិមាណ គុណភាព និងតម្លៃត្រូវបានធានា បើកត្តាទាំងបី ដើរព្រមគ្នាហើយនោះ និរន្តរភាពនៃប្រាក់ចំណូលគ្រួសារត្រូវបានលើកកម្ពស់។ ហេតុនេះ រដ្ឋមន្រ្តីស្នើសុំឲ្យគម្រោងសិក្សាពីលទ្ធភាព នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីឲ្យស្របតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍» ហើយក៏គួរសិក្សាពីកម្ចីឥណទានការប្រាក់ទាបផងដែរ ដើម្បីផ្តល់ឲ្យកាសឲ្យពួកគាត់ពង្រីកផលិតកម្ម ឬអាជីវកម្មបន្ថែម។
សូមបញ្ជាក់ជូនថា គោលបំណងចំបងរបស់គម្រោង LASED II នេះគឺជួយលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះ បានជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ច របស់រាជរដ្ឋាភិបាលក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួច ដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។
គម្រោងបានអនុវត្តលើខេត្តគោលដីចំនួន០៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤,៤៤១គ្រួសារ តាមរយៈការរៀបចំ ប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្រ បច្ចេកទេសកសិកម្មមូលដ្ឋាន ដើម្បីកែលម្អ កម្រិតជីវភាពតាមរយៈការបង្កើនប្រាក់ចំណូល។ គម្រោងមានរយៈពេល០៥ឆ្នាំ ដោយចាប់ពីឆ្នាំ ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប២៥លានដុល្លារ៕