(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន២ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់លើ ការជួយការពារជនរងគ្រោះពីការជួញដូរមនុស្ស ករណីកេងប្រវ័ញ្ចលើកុមារ ការរំលោភបំពាន ផ្លូវភេទ ការជួញដូរផ្លូវ ភេទ និងការជួញដូរកម្លាំងពលកម្មជាដើម។ អង្គការទាំង២នោះ រួមមាន ៖១៖ អង្គការដៃកម្ពុជា (ARM), ២៖ មូលនិធិ អេ២១ (A២១)។

ពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀង (MoU) នាពេលនេះ បានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការរួមពីថ្នាក់ដឹកនាំអង្គការទាំង២ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះ លោក តូច ចាន់នី បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។

បន្ថែមពីលើនោះ លោក តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួង ស.អ.យ វិញនៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា អង្គការទាំង២ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ចនាពេលនេះ សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែកជួយការពារជនរងគ្រោះពីការជួញដូរមនុស្ស ករណីកេងប្រវ័ញ្ចលើកុមារ ការរំលោភបំពាន ផ្លូវភេទ ការជួញដូរផ្លូវ ភេទ និងការជួញដូរកម្លាំងពលកម្ម៕