(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងចំនួន ១,០៥២,២៩៨ដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងពង្រឹងការថែ ទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រ សម្រាប់កុមារក្នុងខេត្តកំពង់ចាម។
ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក មិកា ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គការទាំងពីរ នៅឯស្ថានទូតជប៉ុន។
ជំនួយឥតសំណង ដែលរាជរដ្ឋាភិបាលជប៉ុន ផ្ដល់ជូនដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅកម្ពុជារួមមាន៖
*គម្រោងទី១៖ ថវិកាចំនួន ៨៤៣,១៥៦ដុល្លារ ត្រូវបានផ្ដល់ឱ្យអង្គការសកម្មភាពកម្ចាត់មីនជប៉ុន អង្គការ JMAS សម្រាប់ «គម្រោងលើកកម្ពស់ការ អភិវឌ្ឍសហគមន៍» តាមរយៈការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ» (ឆ្នាំទី៣)។
នៅក្នុងគម្រោងនេះ JMAS នឹងធ្វើការអភិវឌ្ឍន៍លើបច្ចេកទេស បោសសំអាតមីនដោយប្រើម៉ាស៊ីនដោះមីននៅតំបន់ ដែលពោរពេញ ទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ (UXOs) នៅលាយបញ្ចូលគ្នា។ អង្គការនេះក៏នឹងផ្ទេរវិធីសាស្រ្តបោសសំអាតមីន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងគោលបំណងបង្កើនសមត្ថភាព និងពនឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើឱ្យដីប្រទេសជាតិមានសុវត្ថិភាព។
*គម្រោងទី២៖ ថវិកាចំនួន ២០៩,១៤២ដុល្លារ ត្រូវបានផ្ដល់ឱ្យអង្គការប្រជាជនក្តីសង្ឃឹមរបស់ជប៉ុន អង្គការPHJ សម្រាប់ «គម្រោងពង្រឹងការថែទាំ សុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្តកំពង់ចាម» (ឆ្នាំទី១)។
នៅក្នុងគម្រោងនេះ អង្គការនឹងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាលអ្នកស្ម័គ្រចិត្តសុខាភិបាល និងការអប់រំសុខភាពមាតា ក្នុងស្រុកប្រតិបត្តិស្ទឹងត្រង ខេត្តកំពង់ចាម ក្នុងគោលបំណងកាត់បន្ថយ អត្រាស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំ និងលើកកម្ពស់សុខភាពកុមារ តាមរយៈបណ្តាញទំនាក់ទំនង រវាងបុគ្គលិកសុខាភិបាល និងអ្នកសុំចិត្តសុខភាពក្នុងសហគមន៍។ គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់បន្ទប់ក្រោយសំរាល និងផ្តល់ឧបករណ៍វេជ្ជសាស្ត្រមួយចំនួន នៅមណ្ឌលសុខភាពស្រក ដើម្បីកែលម្អបរិស្ថានវេជ្ជសាស្ត្រ។
កម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៣៧លានដុល្លារ ដល់គម្រោងចំនួន១២០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕