(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាល ចុះធ្វើរបងស៊ុមការពារកូនឈើដែលបានដាំចំនួន ១៥២ដើម នៅតាមដងផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ចាប់ពីសាលាវិទ្យាល័យហ៊ុនសែនបល្ល័ង្ក រហូតដល់ស្ពានត្បូងចាម។
ការដាំកូនឈើលំអរទីក្រុង នៅតាមដងផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ក្នុងគោលបំណងដើម្បីលើកកម្ពស់ សោភ័ណភាពទីក្រុង និងដើម្បីជាការបង្ហាញពីឆន្ទៈ ក្នុងការរូបរួមគ្នាថែរក្សា និងការពារព្រៃឈើផងដែរ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ថ្លែងថា ការដាំកូនឈើ មិនថានៅទីក្រុង ឬទីជនបទទេ គឺសុទ្ធតែបង្ហាញពីសុឆន្ទៈ ក្នុងការចូលរួមថែរក្សានិងការពារធនធានធម្មជាតិ។ លោកបន្តថា ការដាំកូនឈើនេះ គឺជាការរួមចំណែក របស់កងកម្លាំងស្នងការនគរបាលខេត្តកំពង់ធំ ដោយក្នុងគោលបំណងដើម្បី ធ្វើឲ្យទីក្រុងជាពិសេសក្រុងស្ទឹងសែន ក្នុងខេត្តកំពង់ធំ កាន់តែមានសោភ័ណភាព ភាពស្រស់ស្អាត គួរជាទីគយគន់និងជាការ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
លោកបានបន្តទៀតថា ការធ្វើស៊ុមរបងការពារកូនឈើ គឺដើម្បីប្រាកដថា កូនឈើដែលបានដាំ គឺបានរស់ នឹងលូតលាស់រហូតដល់ធំ។ ហេតុដូច្នេះហើយ សូមកងកម្លាំងនៅតាមជំនាញនីមួយៗ ត្រូវនាំគ្នាថែរក្សានិងការពារកូនឈើ ដែលបានដាំទាំងនោះ ឲ្យបាននៅគង់វង្ស ក្លាយជាប្រយោជន៍សមតាមគោលបំណង នាថ្ងៃអនាគត។
នៅក្នុងការចុះធ្វើរបងស៊ុមនេះផងដែរ មានកងកម្លាំងប្រមាណជាង១០០នាក់ បានចុះធ្វើរបងស៊ុមការពារកូនឈើទៅតាមមុខសញ្ញារៀងខ្លួន ប្រកបដោយទឹកមុខរីករាយ និងការសាមគ្គីគ្នា មិនខ្លាចការនឿយហត់ គួរឲ្យកោតសរសើរ៕