(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធី ទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា។ កម្មវិធីនេះ ប្រព្រឹត្តទៅនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
គោលបំណង នៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺដើម្បីបង្កើនការយល់ដឹង និងផ្លាស់ប្ដូរព័ត៌មានគ្នា អំពីនិន្នាការទីផ្សារ និងការវិវឌ្ឍរីកចម្រើន នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក៏ដូចជាបញ្ហាបទប្បញ្ញត្តិ ដែលទាក់ទិននឹងសេវាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។
កម្មវិធីនេះ មានអ្នកចូលរួមប្រមាណ៥០០នាក់ ដែលជាតំណាងពីមន្ត្រីរដ្ឋាភិបាល អ្នកធ្វើគោលនយោបាយ និយ័តករ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មជ្ឈដ្ឋានបណ្ឌិតបញ្ញវន្ត ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។
សូមបញ្ជាក់ថា FinTech ឬបច្ចេកវិទ្យាហិរញ្ញវត្ថុជាកម្មវិធីកុំព្យូទ័រ កម្មវិធីតាមទូរស័ព្ទ (app) ឬដំណោះស្រាយផ្នែកបច្ចេកវិទ្យានានា ដែលត្រូវបានប្រើប្រាស់ ដើម្បីជាជំនួយ ឬផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុ។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា «ប្រាសាក់ មានមោទនភាពដែលបានឧបត្ថម្ភកម្មវិធី ទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០១៩។ នេះជាព្រឹត្តិការណ៍ដ៏ឧត្ដុង្គឧត្ដមមួយ ដែលបានប្រមូលផ្ដុំ ប្រតិបត្តិករ ក៏ដូចជានិយ័តករនៅក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីជួបពិភាក្សាអំពីសារៈសំខាន់ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងការកំណត់ទិសដៅនៃប្រព័ន្ធហិរញ្ញវត្ថុនៃយុគសម័យសេដ្ឋកិច្ចថ្មី និងដើម្បីស្វែងយល់ ឲ្យទាន់ពេលវេលានូវក្របខ័ណ្ឌបទប្បញ្ញត្តិថ្មីៗ កត្តាប្រឈម កាលានុវត្តភាព និងការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់»។
លោកបន្តថា «ចំពោះប្រាសាក់ យើងទទួលស្គាល់យ៉ាងខ្លាំង ពីគុណសម្បត្តិនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។ យើងជឿជាក់ថា បច្ចេកវិទ្យានេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនចំនួនប្រជាជន ដែលទទួលបានសេវាហិរញ្ញវត្ថុ។ តាមន័យនេះហើយ បានជាយើងបានធ្វើការវិនិយោគយ៉ាងច្រើនទាំងពេលវេលា និងថវិកាដើម្បីចាប់យកអត្ថប្រយោជន៍នៃនិវានុវត្តន៍ថ្មីនេះ។ ហេតុនេះ ប្រាសាក់បានខិតខំធ្វើទំនើបកម្ម រាល់ប្រតិបត្តិការរបស់ខ្លួនដោយបំពាក់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា ប្រព័ន្ធធនាគារស្នូលដ៏ទំនើប សេវាអេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត និងការប្រើលេខ QR កូដជាដើម»។
លោក សាយ សូនី បានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះ បានជួយបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងតម្លាភាពនៃសេវាហិរញ្ញវត្ថុ ដោយបានកាត់បន្ថយចំណាយ និងបង្កើនលទ្ធភាពកាន់តែច្រើន ឲ្យប្រជាជនទទួល បានសេវាហិរញ្ញវត្ថុ។ បច្ចេកវិទ្យាហិរញ្ញវត្ថុ បានជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុ មានការរីកចម្រើនយ៉ាងខ្លាំង ដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុ។
លោក សូនី បន្ថែមទៀតថា «បច្ចុប្បន្ននេះ យើងមានអតិថិជនជាង៤១០ពាន់នាក់ ដែលពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់ ដែលរួមមានសេវា ឥណទាន បញ្ញើសន្សំ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ប្តូរប្រាក់ តាមរយៈការិយាល័យទាំង១៨០សាខា អេធីអឹម និងសេវាធនាគារចល័តយ៉ាងងាយស្រួល»។
សូមជម្រាបថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង២,៨០០លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង២,៣៧០លានដុល្លារអាមេរិក បណ្តាញការិយាល័យ និងម៉ាស៊ីនអេធីអឹមទូទាំងប្រទេស សេវាហិរញ្ញវត្ថុឌីជីថលដែលស្របតាមតម្រូវការអតិថិជន និងបុគ្គលិកជិត៨,២០០នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន៤០ នៅតាមបណ្តាខេត្តនានា នៅកម្ពុជា៕