(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវីធី «ការចែករំលែកគន្លឹះសំខាន់ៗ ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន» ក្រោមអធិបតីភាព លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS (គម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នចំនួន១០ ដែលប្រើប្រាស់ប្រព័ន្ធ FMIS ចាប់តាំងពីឆ្នាំ២០១៨មក។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ាន សាហ៊ីប បានឲ្យដឹងថា ការរៀបចំកម្មវិធី «ការចែករំលែកគន្លឹះសំខាន់ៗ ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន» នេះឡើង ក្នុងគោលបំណងធំៗចំនួន៣ រួមមាន៖
*ទី១៖ ចំណុចគន្លឹះសំខាន់ពាក់ព័ន្ធនឹងមុខងាររបស់ប្រព័ន្ធ FMIS ដែលនឹងជួយផ្តល់នូវចំណេះដឹងថ្មីៗ ក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកាឲ្យកាន់តែរហ័ស, រលូន និងមានសង្គតិភាព
*ទី២៖ ការចែករំលែកនូវបទពិសោធន៍ ក្នុងការទាញយករបាយការណ៍ហិរញ្ញវត្ថុ ពីប្រព័ន្ធ FMIS មកប្រើប្រាស់ជាប្រយោជន៍របស់ក្រសួង-ស្ថាប័នសាមី និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ
*ទី៣៖ ការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រថ្មី ដែលហៅថា «PK-the-Helper» ដែលអ្នកប្រើប្រាស់ទាំងអស់អាចសួរសំណួរ ឬទំនាក់ទំនងមកក្រុមការងារជំនួយគាំទ្រ នៅពេលដែលមានចម្ងល់ និងបញ្ហាផ្សេងពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាព និងមានការកត់ត្រាច្បាស់លាស់នូវរាល់បញ្ហា និងដំណោះស្រាយនានា ស្របតាមស្តង់ដារអន្តរជាតិ។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែម ពាក់ព័ន្ធនឹងការគ្រប់គ្រងការផ្លាស់ប្តូរ ដោយសារការដាក់ឲ្យអនុវត្តប្រព័ន្ធ FMIS ដែលក្រសួង-ស្ថាប័ន នឹងជួបប្រទះនាពេលអនាគតថា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែ និងឆន្ទៈដ៏មុតស្រួចរបស់ ឧបនាយករដ្ឋមន្រ្តី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកែទម្រង់វិស័យហិរញ្ញវត្ថុសារធារណៈ, ក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងយកចិត្តទុកដាក់លើការងារកាត់បន្ថយនីតិវិធីអនុវត្តការងារ នៃការអនុវត្តប្រតិបត្តិការថវិកា និងហិរញ្ញវត្ថុ ដែលកិច្ចការនេះ នឹងត្រូវបានចាប់ផ្តើមចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមុនគេ ដើម្បីជាគំរូ និងមានអនុលោមភាពជាមួយនឹងការអនុវត្ត «យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥»។
លោក ហ៊ាន សាហ៊ីប បានបន្ថែមទៀតថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្ដជំរុញអនុវត្តយុទ្ធសាស្រ្ត កែទម្រង់ប្រព័ន្ធថវិកា ដោយផ្តោតលើ ទី១៖ ការធ្វើវិសោធនកម្មច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០០៨, ទី២៖ ការធ្វើវិសោធនកម្មអនុក្រឹត្យលេខ៨១ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ ឆ្នាំ១៩៩៥, ទី៣៖ ការធ្វើវិសោធនកម្មអនុក្រឹត្យលេខ៨២ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ ឆ្នាំ១៩៩៥ និងទី៤៖ ការធ្វើទំនើបកម្ម ស្តង់ដារគណនេយ្យកម្ពុជា។
លោកគូសបញ្ជាក់ថា នេះគឺជាការតម្រង់ទិសឆ្ពោះទៅរកចំណុចកែទម្រងដ៏ស៊ីជម្រៅ និងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅរៀបចំលិខិបទដ្ឋាន គតិយុត្តិ, បទប្បញ្ញត្តិ និងនីតិវិធី ឲ្យដើរទន្ទឹមគ្នាទៅនឹងការកសាងសមត្ថភាពរបស់ស្ថាប័ន, រួមទាំងការផ្លាស់ប្តូរវប្បធម៌ នៃការបំពេញការងារសាធារណៈ នៅក្នុងវិស័យហិរញ្ញវត្ថុផងដែរ។ ក្នុងន័យនេះ ពិតជាស្តែងចេញយ៉ាងច្បាស់ ពីភាពចាំបាច់ពុំអាចខ្វះបាន នៃវត្តមានរបស់ប្រព័ន្ធ FMIS ក្នុងការជំរុញ, គាំទ្រ, សម្របសម្រួល និងការធ្វើសុខដុមនីយកម្ម ជាមួយនឹងការកែសម្រួលបទដ្ឋានគតិយុត្ត និងនីតិវិធីអនុវត្តការងារសំខាន់ៗទាំងនោះ។
លោក ហ៊ាន សាហ៊ីប បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នទាំងអស់ ទាញយករបាយការណ៍ ដែលផលិតបានពីប្រព័ន្ធ FMIS ដើម្បីប្រើប្រាស់តាមតម្រូវការ ជាក់ស្តែង ដែលរហូតមកដល់ពេលនេះប្រព័ន្ធ FMIS មានលទ្ធភាពផលិតនូវរបាយការណ៍ ចំនួន៣១ប្រភេទ សម្រាប់បម្រើតាមតម្រូវការទាំងផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅតាមក្រសួង-ស្ថាប័ន។
លោកក៏បានលើកទឹកចិត្ត ដល់គ្រប់ក្រសួង-ស្ថាប័ន ចូលរួមឲ្យបានសកម្ម ក្នុងការលើកឡើងពីបញ្ហាប្រឈម, សំណូមពរនានា ដែលជាធាតុចូលសំខាន់ៗ សម្រាប់ក្រុមការងារបន្តស្វែងរកវិធីសាស្រ្តថ្មីៗ និងដំណោះស្រាយ ដើម្បីគាំទ្រអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចបន្តឈានទៅអភិវឌ្ឍន៍ប្រព័ន្ធ FMIS ឲ្យកាន់តែមានភាពប្រសើរ និងមានផលិតភាពខ្ពស់៕