(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានលើកទឹកចិត្តគ្រូបង្វឹក កីឡាករ កីឡាការិនី ខិតខំហ្វឹកហាត់ និងអ្នកឧបត្ថម្ភ រួមគ្នាអភិវឌ្ឍន៍វិស័យកីឡាទោចក្រយាន ឱ្យកាន់តែរីកចម្រើន សំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងរៀបចំធ្វើនៅរាជធានីភ្នំពេញ។
ការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងពិធីសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលទទួលបានពានរង្វាន់ព្រះមហាក្សត្រថៃ King Cup នៅខេត្តស៊ីសាកេត ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ និងពិធីប្រគល់ប្រាក់ឧបត្ថម្ភ សម្រាប់កីឡាករជម្រើសជាតិឈុតធំ បោះជំរុំហ្វឹកហាត់ នៅខេត្តកំពត និងខេត្តកែប ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ការខិតខំប្រឹងប្រែងរបស់យើង គឺត្រូវធ្វើជាលក្ខណៈប្រព័ន្ធមួយជំហានម្ដងៗ តាមផែនការមេមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានយុទ្ធសាស្ត្រគ្រប់គ្រាន់ក្នុងការអនុវត្ត។
លោករដ្ឋមន្ត្រី បានរំលឹកថា ក្នុងដំណើរទស្សនកិច្ចនៅសម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដែលទទួលបន្ទុកកីឡាទោចក្រយានពិភពលោក បានសម្ដែងសេចក្ដីសប្បាយរីករាយ ចំពោះសហព័ន្ធកម្ពុជា ហើយបានបង្ហាញជូនអំពីកម្មវិធី និងក្របខណ្ឌបណ្ដុះបណ្ដាល ព្រមទាំងជំនួយ និងការឧបត្ថម្ភផ្សេងៗ ដែលសហព័ន្ធកម្ពុជាអាចទាញយកបានពី UCI។
លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា កីឡាករ កីឡាការិនី ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីចិត្ត និងបេះដូង ហើយយើងត្រូវគិតថា ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា មិនមែនសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ គឺសម្រាប់ជាតិទាំងមូល។ នេះជាមោទនភាពមួយដែរ ហើយយើងត្រូវតែប្រឹងឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីស្វែងរកមេដាយជូនជាតិក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាឆ្នាំនេះ។
សូមបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១៩០០ ដុល្លារអាមេរិក ដល់កីឡាករ កីឡាការិនី ដែលទទួលបានពានរង្វាន់ព្រះមហាក្សត្រថៃ King Cup នៅខេត្តស៊ីសាកេត ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ និងឧបត្ថម្ភថវិកាចំនួន ២១២០ ដុល្លារអាមេរិក ដល់កីឡាករជម្រើសជាតិឈុតធំ បោះជំរុំហ្វឹកហាត់ នៅខេត្តកំពត និងខេត្តកែប ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩៕