(ហាណូយ, វៀតណាម)៖ បន្ទាប់ពីបានអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាមភ្លាម វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ស្និទ្ធស្នាល រ៉ាក់ទាក់ និងអធិកអធមពីសំណាក់សមភាគី លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម។
ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនេះសម្តេចតេជោ ហ៊ុន សែន ទទួលបានកម្រងផ្កាដ៏ស្រស់ស្អាតពីកុមារា កុមារីវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើដំណើរឆ្លងកាត់ស្រទាប់មហាជន និងថ្នាក់ដឹកនាំវៀតណាម ដែលកាន់ទង់ជ័យ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម មុនពេលប្រមុខដឹកនាំទាំងពីរ អញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។
បន្ទាប់ពីពិធីត្រួតពលគ្រប់កងឯកភាព នៃកងទ័ពប្រជាជនវៀតណាមរួចមក សម្តេចតេជោ ហ៊ុន សែន ដែលអមដំណើរដោយផ្ទាល់ពីសមភាគីលោកនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ ចំពោះឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម-កម្ពុជា ឥស្សរជនការទូត នៃបណ្តាប្រទេសជាមិត្តនានា ប្រចាំរដ្ឋធានីហាណូយ ដែលមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម។ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់វៀតណាមនាពេលនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរថែមទៀត។
កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ប៉ុន្តែត្រូវបានកាត់ ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាន់ទំនាក់ទំនងឡើងវិញនៅខែមករាឆ្នាំ១៩៧៩។ ឆ្នាំ២០១៧ ជាខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ។
ក្នុងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទាំងស្ថាប័នព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាល ប្រធានរដ្ឋសភា ប្រមុខការទូតនៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ផ្លូវការ ជាមួយគ្នាទៅវិញទៅមកយ៉ាងញឹកញាប់បំផុតក្នុងគោលបំណងពង្រឹងនិង ពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសមានភូមិផងរបងជាមួយគ្នា។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នឹងស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម រយៈពេល២ថ្ងៃ គ្រោងនឹងនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញនៅល្ងាចថ្ងៃទី៥ ខែតុលា ស្អែកនេះ៕