(ភ្នំពេញ)៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតកាបូបថ្មីចំនួន៣ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ឲ្យបើកដំណើរការ ដែលសរុបទុនវិនិយោគជាង១៥លានដុល្លារ បង្កើតការងារថ្មីជិត៤ពាន់កន្លែង។
CDC បានចុះផ្សាយក្នុង Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ GOODMATE (CAMBODIA) HEADWEARS CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មួក កន្សែង និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤១០កន្លែង។
២៖ GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤៩១កន្លែង។
៣៖ DI SETA (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ (កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៧ សួនឧស្សាហកម្មវឌ្ឍនៈ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១៤៣ កន្លែង។
សូមជម្រាបថា ការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាបូប នៅតែជាចំណាប់អារម្មណ៍របស់អ្នកវិនិយោគ ដែលបណ្តាក់ទុនរកស៊ីនៅកម្ពុជា៕