(តាកែវ)៖ លោក ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងភរិយា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានប្រគល់ម៉ូតូម៉ាក Honda Wave ដល់សិស្សនិទេ្ទសA ចំនួន០៤នាក់ នៅស្រុកត្រាំកក់។
សិស្សនិទ្ទេសA ទាំង០៤នាក់នេះ មកពី វិទ្យាល័យសម្តេចតេជោ ហ៊ុនសែន អង្គតាសោម ០២នាក់, វិទ្យាស្ថានសន្តហ្រ្វង់ស្វ័រ ០១នាក់ និង សាលាខេមវើល ០១នាក់ ដែលពិធីប្រគល់ម៉ូតូនេះធ្វើឡើងនៅសាលាស្រុកត្រាំកក់ ខេត្តតាកែវ។
សិស្សនិទេ្ទស B ចំនួន៣១នាក់ ទទួលបាន Tablet ម្នាក់១គ្រឿង ព្រមទាំងប្រគល់រង្វាន់ដល់សិស្សពូកែ ពីលេខ ០១ ដល់ ១០ ចំនួន១២៤នាក់ និង គ្រូបង្រៀនល្អចំនួន១២៤នាក់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នៅទូរទាំងស្រុកត្រាំកក់។
ជាមួយគ្នានោះ សិស្សពូកែប្រចាំសាលា លេខ១ ចំនួន១២នាក់ ម្នាក់ៗទទួលបានកង់០១ កាតាប សៀវភៅ ប៊ិច និងថវិការចំនួន៥០,០០០រៀល, សិស្សពូកែលេខ២ ចំនួន១២នាក់ ម្នាក់ៗទទួលបានកង់០១ កាតាប សៀវភៅ ប៊ិច និង ថវិការចំនួន៤០,០០០រៀល, សិស្សពូកែពីលេខ៣ ដល់ លេខ១០ ចំនួន៩៩នាក់ ម្នាក់ៗទទួលបាន កាតាប សៀវភៅ ប៊ិច និង ថវិការចំនួន ៣០,០០០រៀល រួមទាំងលោកគ្រូ អ្នកគ្រូ បង្រៀនល្អចំនួន១២៤នាក់ ម្នាក់ៗទទួលបានសារុង០១ និង ថវិការចំនួន៤០,០០០រៀល។
លោក ច័ន្ទ សារុន ក៏ផ្តាំផ្ងើរដល់សិស្សានុសិស្សទាំងអស់ ជាពិសេសសិស្សដែលត្រូវប្រឡងសញ្ញាប័ត្រធ្យមសិក្សានៅឆ្នាំក្រោយ ត្រូវតែខិតខំយកចិត្តទុកដាក់លើការរៀនសូត្រឲ្យបានខ្ចាប់ខ្ចួន ដើម្បីនិទ្ទេសល្អ និងក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិទៅថ្ងៃខាងមុខ៕