(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានសម្រេចបោះពុម្ពក្រដាសប្រាក់គំរូថ្មី ១៥០០០រៀល ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ដំណឹងនៃការបោះពុម្ពក្រដាសប្រាក់គំរូថ្មី១៥០០០រៀល ដែលនឹងគ្រោងដាក់ឲ្យចរាចរណ៍ នៅពេលខាងមុខនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ សព្វព្រះរាជហឬទ័យប្រោសព្រះរាជានុញ្ញាតឲ្យសម្តេចតេជោ ហ៊ុន សែន និង លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាងំ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិនៃកម្ពុជា។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕