(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុម ការងារស្នងការដ្ឋាននគរបាលខេត្តតាកែវ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី សេង សុវណ្ណ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងត្រាញ់ខាងជើង នៃអធិការដ្ឋាននគរបាលស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ពិធីបុណ្យសពរបស់មន្រ្តីនគរបាលរូបនេះ បានប្រារព្ធនៅគេហដ្ឋាននៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្ដតាកែវ។
នៅក្នុងឱកាសលោកឧត្តមសេនីយ៍ទោស្នងការ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦លានរៀល ថវិកាផ្ទាល់របស់លោកចំនួន ៦សែនរៀល, ថវិការបស់អធិការដ្ឋាននគរបាលស្រុកសំរោង ចំនួន៤០០,០០០រៀល អង្ករ១បាវស្មើ៥០គីឡូ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ ប្រគល់ជូនលោកស្រី អិត ស្រីមុំ ត្រូវជាភរិយានៃសពលោកវរសេនីយ៍ត្រី សេង សុវណ្ណ។
នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ក៏បានប្រគល់ជូនថវិកាដល់លោកតា លោកយាយដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព ចំនួន៧៧នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា០១ ម៉ឺនរៀលផងដែរ។
ជំនួសមុខឱ្យនគរបាលជាតិទូទាំងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានសម្តែងការចូលរួមសោកស្តាយ ចំពោះការបាត់បង់មន្រ្តីនគរបាលម្នាក់ ដែលមានស្នាដៃ ធ្លាប់បានចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសបានចូលរួមបង្ក្រាបគ្រឿងញៀននាពេលកន្លងមក ជូនសង្គមជាតិ និងប្រជាពលរដ្ឋផងដែរ៕