(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងភរិយា រួមនិងមនុស្សជំនិត៧រូបផ្សេងទៀត ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងភរិយា ព្រមទាំងមនុស្សជំនិតនេះ ត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញចេញនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ។
ជនដែលត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននេះរួមមាន៖ ទណ្ឌិត សម រង្ស៉ី និងភរិយា លោកស្រី ជូឡុង សូមួរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ជនត្រូវចោទទាំង៩រូប កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅនេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ «ឧបឃាត» ដោយយោងតាមមាត្រា២៧ និង ៤៥១នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់នេះពាក់ព័ន្ធ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។
ក្នុងសេចក្តីជូនព័ត៌មានបានបញ្ជាក់ថា ដីកាបង្គាប់ឱ្យចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន។