(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្ត នៅខេត្តតាកែវ ដែលរៀបចំឡើង ដោយគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនសមភាគីកណ្តាល ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង។
សិក្ខាសាលាដែលរៀបចំនៅខេត្តតាកែវនេះ ជាលើកទី៦នៃ សិក្ខាសាលាតាមបណ្ដាខេត្ត ដែលក្រុមហ៊ុនបានចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាវិធីសាស្រ្តជោគជ័យ សម្រាប់វិនិយោគិនបន្ទាប់ពី ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។
ប្រធានបទសម្រាប់ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ» ផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយ និងពង្រីកការយល់ដឹងអំពីការវិនិយោគ លើឧបករណ៍និស្សន្ទនៅទូទាំងប្រទេស ព្រមទាំងបង្កើនទំនុកចិត្ត សម្រាប់វិនិយោគិន និងអនុញ្ញាតឱ្យវិនិយោគិនត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើវិស័យឧបករណ៍និស្សន្ទ។
លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធី សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩នេះ ហើយបានបញ្ជាក់ពីទិសដៅរបស់ គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រឹងបទបញ្ញត្តិសម្រាប់ទីផ្សារ ឧបករណ៍និស្សន្ទនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិន បង្កើនចំណេះដឹងត្រៀមខ្លួនរួចរាល់ ក៏ដូចជាជ្រើសរើសក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យ។
លោកក៏បានសរសើរក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលតែងតែមានភាពសកម្ម ក្នុងការលើកស្ទួយស្ដង់ដារនៃ ការជួញដូរឧបករណ៍និស្សន្ទ និងអនុវត្តគោលការណ៍ ការពារវិនិយោគិន។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានសម្តែងភាពសប្បាយរីករាយក្នុងការចូលរួម ក្នុងសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ជាមួយគណៈកម្មការមូលបត្រកម្ពុជា។
ក្នុងនោះលោកបានធ្វើបទបង្ហាញស្តីពី «យុទ្ធសាស្រ្តក្នុងការជួញដូរឧបករណ៍និស្សន្ទ» ដែលផ្តោតទៅលើចំណេះដឹងអំពី ការជួញដូរផលិតផលឧបករណ៍និស្សន្ទ ដែលជាផលិតផលដ៏ពេញនិយមមួយ ក្នុងចំណោមផលិតផលហិរញ្ញវត្ថុការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យ ពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។
ក្រោយពីចូលរួមសិក្ខាសាលា ក្នុងខេត្តតាកែវនេះក្រុមហ៊ុន នឹងបន្តចូលរួមសិក្ខាសាលានៅខេត្តកំពត ខេត្តកែប និងខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។ លទ្ធផលនៃសិក្ខាសាលា តាមបណ្ដាខេត្តនៅខេត្តតាកែវ បានបង្ហាញនូវភាពជោគជ័យគួរឱ្យកត់សម្គាល់ ដោយទទួលបានមិនត្រឹមតែ ការចូលរួមយ៉ាងច្រើនកុះករប៉ុណ្ណោះទេ ថែមទាំងការគាំទ្រ និងកំណើននៃចំណេះជំនាញរបស់សិក្ខាកាម។
បន្ទាប់ពីសិក្ខាសាលាត្រូវបានបញ្ចប់ សិក្ខាកាមជាច្រើននាក់ បានស្នើសុំកិច្ចប្រជុំជាលក្ខណៈឯកជន និងជាក្រុមតូចៗជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន ដើម្បីពិភាក្សាលម្អិតទៅលើការវិនិយោគមួយនេះ៕