(តាកែវ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង សហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា បានសហការរៀបចំសិក្ខាសាលា ដើម្បីបង្កើនចំណេះដឹងទាក់ទងនឹងការវិនិយោគ ការកាត់បន្ថយហានិភ័យនៃការវិនិយោគ និន្នាការនៃការវិនិយោគ និងយុទ្ធសាស្រ្ត សម្រាប់ការវិនិយោគជោគជ័យ តាមបណ្ដាខេត្តនៅខេត្តតាកែវ ប្រកបដោយជោគជ័យ។
សិក្ខាសាលាដែលរៀបចំឡើង ក្នុងខេត្តតាកែវនេះបានទាក់ទាញសិក្ខាកាមជាង១០០នាក់ មកពីវិស័យផ្សេងៗចូលរួម ដើម្បីបង្កើនចំណេះដឹងទាក់ទងនឹងការវិនិយោគ ការកាត់បន្ថយហានិភ័យនៃ ការវិនិយោគ, និន្នាការនៃការវិនិយោគ និងយុទ្ធសាស្រ្តសម្រាប់ការវិនិយោគជោគជ័យ។
សិក្ខាសាលានេះរៀបចំឡើង ក្រោមការចូលរួមពីលោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា។
លោក សុខ ដារ៉ា បានបញ្ជាក់ពី ទិសដៅរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រឹងបទបញ្ញត្តិ សម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង ត្រៀមខ្លួនរួចរាល់ ក៏ដូចជាជ្រើសរើសក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យ។
លោកក៏បានសរសើរក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិឆេង ជាក្រុមហ៊ុនឈានមុខ និងតែងតែមានភាពសកម្ម ក្នុងការលើកកម្ពស់ស្ដង់ដារនៃ ការជួញដូរឧបករណ៍និស្សន្ទ និងអនុវត្តតាមបទបញ្ញាតិ និងកិច្ចគាំពារវិនិយោគិន។
ក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជាក្រុមហ៊ុនសមភាគីកណ្តាលមួយគត់ ដែលសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត សម្រាប់ឆ្នាំ២០១៩នេះ។ ក្រុមហ៊ុនបានអនុញ្ញាតឱ្យក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឆ្នើមរបស់ខ្លួន ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
ក្រៅពីការផ្ដល់ចំណេះជំនាញ ក្នុងការវិនិយោគក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញនូវឱកាសវិនិយោគផ្សេងៗ ទៅកាន់សាធារណៈជន ជាពិសេសវិនិយោគិននៅទូទាំងប្រទេសកម្ពុជា។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិឆេង បានបង្ហាញពី សុទិដ្ធិនិយមទៅលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថាវាជាទុនដ៏សំខាន់ សម្រាប់វិនិយោគិនក្នុងការវិនិយោគ លើផលិតផលឧបករណ៍និស្សន្ទ ដែលជាផលិតផលពេញនិយមមួយ ក្នុងចំណោមផលិតផលហិរញ្ញវត្ថុផ្សេងទៀត។
លោក Lawrence Kook បានចែករំលែកបទពិសោធន៍របស់លោក នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងប្ដេជ្ញាជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា នៅលើឆាកអន្តរជាតិក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិឆេង បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុអន្តរជាតិធំៗរួមមាន៖ ពិព័រណ៍ iFX Expo នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo នៅទីក្រុងហុងកុង ហើយត្រូវបានចាត់ទុកជា ក្រុមហ៊ុនគំរូនៃវិស័យនេះផងដែរ៕