(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែង ដែលលួចលាក់ជួញដូរ និងចែកចាយសារធាតុគ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់ ព្រមទាំងហូតសម្ភារមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើង នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចផ្ទះលេខ៦២ ផ្លូវ៥១ ក្រុម១០ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលដូនពេញ បានបើកការស្រាវជ្រាវបង្ក្រាបទីតាំងបើកល្បែងស៉ីសងមួយកន្លែង ដែលលួចលាក់ជួញដូរ និងចែកចាយសារធាតុញៀនដោយខុសច្បាប់។
បើតាមលោកអធិការរង ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះមានស្រី៧នាក់, ជនជាតិម៉ាឡេស៉ី២នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១២កញ្ចប់, ដាវកែច្នៃចំនួនមួយដើម, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដែកកេះមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយពីធ្វើការឆែកឆេររួចមក កម្លាំងនគរបាលជំនាញ បាននាំខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់ខាងលើ រួមជាមួយវត្ថុតាង យកទៅអធិការខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕