(ព្រះវិហារ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួន ក្រោយមានពាក្យបណ្តឹងរបស់អនាព្យាបាលរបស់នារីរងគ្រោះ ២នាក់ ប្តឹងពីបទចាប់រំលោភបានសម្រេចលើកូនស្រីគាត់។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៉ុយ វិទូ អាយុ២៦ឆ្នាំ មុខរបរកសិករ។ ដោយឡែកនារីរងគ្រោះជាបងមានឈ្មោះ ឈ.ស.ល អាយុ ១៩ឆ្នាំ និងនារីរងគ្រោះជាប្អូនមានឈ្មោះ ឈ.ស.ល អាយុ១៨ឆ្នាំ រស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេតុតព្រះវិហារ។
លោកអធិការស្រុក បានឲ្យដឹងទៀតថា បុរសជាជនសង្ស័យបានមកស្នាក់នៅផ្ទះជាមួយជនរងគ្រោះអស់រយៈពេល ២ឆ្នាំហើយ។
លោករៀបរាប់ដំណើររឿងថា កំលុងខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានលួងលោមនារីជាប្អូនរំលោភបានសម្រេច នៅរោងខាងក្រោយផ្ទះជាច្រើនដង លុះនៅខែកញ្ញានេះ ជនសង្ស័យបានលួងលោមនាំនារីជាបងចេញពីផ្ទះចាប់រំលោភទៀត ក៏ត្រូវម្តាយនារីរងគ្រោះដាក់ពាក្សបណ្តឹងមកសមត្ថកិច្ច។
លោក ឱ សេង បានបន្តទៀតថា បន្ទាប់ពីទទួលពាក្សបណ្តឹងពីម្តាយនារីរងគ្រោះទាំង២ សមត្ថកិច្ចនគរបាលស្រុកជាំក្សាន្ត និងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រអែម បានធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យបាន និងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាមច្បាប់៕