(ភ្នំពេញ)៖ លោក វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានអញ្ជើញ ចូលរួមជាវាគ្មិន ក្នុងកម្រិតពិភាក្សាថ្នាក់ដឹកនាំ ស្តីពី «ការពង្រឹងភាពជាដៃគូ ដើម្បីសម្រេចចក្ខុ-វិស័យហេដ្ឋារចនាសម្ព័ន្ធប្រចាំតំបន់អាស៊ី» នៅក្នុង «វេទិកាហេដ្ឋារចនាសម្ព័ន្ធអាស៊ីឆ្នាំ២០១៩» ដែលបានប្រព្រឹត្តិទៅចាប់ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសសឹង្ហបុរី។
វេទិកាឆ្នាំនេះ ត្រូវរៀបចំឡើងក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អនាគត៖ ការបង្កើនគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល, ធនាគារអភិវឌ្ឍន៍ពហុភាគី, វិស័យឯកជន ព្រមទាំងស្ថាប័ន ហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើតម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់, ការចែករំលែកបទ ពិសោធន៍នៃការអនុវត្តកន្លងមក និងការលើកទឹកចិត្តឱ្យវិស័យ ឯកជន វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។ ជាមួយគ្នានេះ វេទិកានេះក៏ផ្តល់ឱកាសឱ្យវិស័យឯកជនបង្ហាញ និងផ្សព្វផ្សាយពីបច្ចេកវិទ្យាទំនើប របស់ខ្លួន និងរចនាសម្ព័ន្ធ ហិរញ្ញប្បទានថ្មីៗ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ។
នៅក្នុងកិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំ លោក វង្សី វិស្សុត បានលើកឡើងថា គោលបំណង នៃការអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធ ដែលជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាលអស់រយៈពេលជាង ២០ ឆ្នាំមកនេះ គឺដើម្បីជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចសង្គម, លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការប្រែប្រួល អាកាសធាតុ។ ទន្ទឹមនេះ លោកក៏បានបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលសម្រេចបានកំណើនប្រចាំឆ្នាំជាមធ្យមប្រមាណ ៧,៦% នៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។
អត្រានៃភាពក្រីក្រ មានប្រមាណ ៥៣,៥% ក្នុងឆ្នាំ២០០៤ បានធ្លាក់ចុះមកក្រោម ១០% នៅក្នុងឆ្នាំ២០១៨ ហើយមេគុណជីនីដែលបានធ្លាក់ចុះជាបន្តបន្ទាប់ ពី ០,៣៨០ ក្នុងឆ្នាំ២០០៤ និង ០,២៩៥ ក្នុងឆ្នាំ២០១៤ នោះ ក៏កាន់តែមានភាពប្រសើរឡើងថែមទៀត នៅក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យប្រទេសកម្ពុជា មានកម្រិតមេគុណជីនីល្អប្រសើរជាងគេ នៅក្នុងចំណោម ប្រទេស សមាជិកអាស៊ានដូចគ្នា ។ ចំណែក ទំហំពាណិជ្ជកម្មអន្តរជាតិបានកើនឡើងពី ១៦ ២៧៩ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៣ ដល់ ២៥ ០៧០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ និងឡើងដល់ប្រមាណ ៣០ ០០០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨ ។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំផែនការមេតាមវិស័យ ដូចជាការ តភ្ជាប់ផ្នែកគមនាគមន៍ ថាមពល, ឌីជីថល និងផែនការនគរូបនីយកម្មសម្រាប់ទីក្រុងសំខាន់ៗ ក៏ដូចជាការពង្រឹងយន្តការស្ថាប័ន និងយន្តការគ្រប់គ្រង ការវិនិយោគ សាធារណៈឱ្យកាន់តែមាំទាំ ដែលជាបច្ច័យនឹងនាំមកនូវកាលានុវត្តភាព ដ៏ច្រើនសម្រាប់ការចូលរួមវិនិយោគ ពីសំណាក់វិស័យឯកជន ក្នុងការជួយរៀបចំ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍក្នុងយុគសម័យថ្មី។
លោក វង្សី វិស្សុត ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយនឹងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Infrastructure Asia - IA) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការរវាងស្ថាប័នទាំងពីរ ក្នុងការរៀបចំ និងអភិវឌ្ឍន៍លើគម្រោងស្តារប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ។ កិច្ចសហការនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ជំរុញការរៀបចំគម្រោង អភិវឌ្ឍន៍ផ្សេងទៀតៗនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងបង្កើនភាពទាក់ទាញពីវិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុទាំងក្នុងតំបន់ និងអន្តរជាតិ ។
ដោយឡែក លោក វង្សី វិស្សុត ក៏បានជួបពិភាក្សាការងារ ជាមួយនឹងលោក Xie Duo ប្រធានមូលនិធិផ្លូវសូត្រ (Silk Road Fund - SRF), តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ (Asian Infrastructure Investment Bank - AIIB), តំណាងសហគ្រាសសឹង្ហបុរី (Enterprise Singapore) ដែលជាស្ថាប័នជំរុញ ការអភិវឌ្ឍវិស័យឯកជន និង វិស័យហេដ្ឋា រចនាសម្ព័ន្ធរបស់ប្រទេសសឹង្ហបុរី និងតំណាងក្រុមហ៊ុន InfraCo Asia ដែលជាក្រុមហ៊ុនឯកជនវិនិយោគលើគម្រោង ដែលហានិភ័យខ្ពស់ និងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ការអភិវឌ្ឍសំណើគម្រោង ចាប់តាំងពីដំណាក់កាលបឋម នៃការរៀបចំសំណើគម្រោង៕