(សៀមរាប)៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩, សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប រៀបចំមហាសន្និបាតអាណត្តិទី៣ ដោយបានជ្រើសរើសលោក សាម ឡម ចៅសង្កាត់សាលាកំរើក ជាប្រធាន និងអនុប្រធានចំនួន០៨ រូបផ្សេងទៀត ដោយទទួលសម្លេងឆ្នោតគាំទ្រ ២៦២សន្លឹក និងមិនគាំទ្រ ៤សន្លឹក។
អនុប្រធាន ០៨ រូបនោះគឺ (១) លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាង (២) លោក ម៉ៅ វិសុទ្ធ ប្រធានក្រុមប្រឹក្សាស្រុកពួក (៣) លោក សុខ មករា សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប (៤) លោកស្រី ឮ ចិន្តា មេឃុំជីក្រែង (៥) លោកស្រី ឌុច ម៉ាលីន មេឃុំយាង (៦) លោក ឡុក វួន មេឃុំស្រណាល (៧) លោកស្រី វ៉ក ណម មេឃុំស្រែណូយ និង (៨) លោក សេង ជិន ជំទប់ទី២ ឃុំស្ពានត្នោត។
មហាសន្និបាតប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
អ្នកចូលរួមមហាសន្និបាតសរុប ៣៤៧ នាក់ ក្នុងនោះប្រតិភូក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ចំនួន ២៩៥ នាក់ មកពីក្រុង ស្រុកទាំង ១២ និងឃុំ សង្កាត់ទាំង ១០០។
សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តសៀមរាប ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ដែលជាសមាជិកសមាគមគឺក្រុង ១ ស្រុក ១១ ឃុំ ៨៨ និងសង្កាត់ចំនួន ១២៕