(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជួយបំពេញក្តីស្រម័យរបស់អ្នកសិក្សានោះ សាកលវិទ្យាល័យអន្តរជាតិ IU បានផ្តល់អាហារូបករណ៍១០០ភាគរយ ២១៧កន្លែងនៅក្នុងបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០១៩-២០២០។
យោងតាមសាកលវិទ្យាល័យ បានឱ្យដឹងថា អាហារូបករណ៍នេះ សម្រាប់វិស័យសុខាភិបាល មានចំនួន ៨០កន្លែង និងជំនាញក្រៅពីវិស័យសុខាភិបាល ១៣៧កន្លែង។
លោកសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយស្តីពីអាហារូបករណ៍នេះ។ សន្និសីទសារព័ត៌មាននេះ នឹងមានផ្សាយផ្ទាល់តាមទំព័រ Facebook របស់សាកលវិទ្យាល័យដែលមានឈ្មោះថា «iuinternationaluniversity» ផងដែរ។
ដូច្នេះសិស្សទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ឬអ្នកចង់ទទួលបានអាហារូបករណ៍នេះ កុំភ្លេចចូលរួមសន្និសីទដែលធ្វើឡើងនៅសាកលវិទ្យាល័យ IU ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឬទស្សនាតាមរយៈទំព័រ Facebook របស់សាកលវិទ្យាល័យ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យអន្តរជាតិ IU គឺជាសាកលវិទ្យាល័យមួយដែលទទួលបានសិទ្ធិក្នុងការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈសុខាភិបាល រួមមាន៖ ថ្នាក់វេជ្ជបណ្ឌិតទូទៅ, ថ្នាក់បរិញ្ញាបត្រឱសថ, ថ្នាក់ទន្តបណ្ឌិតទូទៅ, ថ្នាក់បរិញ្ញាបត្រ/បរិញ្ញាបត្ររងគិលានុបដ្ឋាក, ថ្នាក់បរិញ្ញាបត្រ/បរិញ្ញាបត្ររងឆ្មប, ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណៈ, ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍, ថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក និងថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្ត្រ។
ការទទួលពាក្យប្រលងចូលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រឈប់ទទួលពាក្យនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយថ្នាក់បរិញ្ញាបត្ររងឈប់ទទួលពាក្យនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
ដោយឡែកការប្រលងវិញ ថ្នាក់បរិញ្ញាបត្រធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយថ្នាក់បរិញ្ញាបត្ររងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៩៕