(បាត់ដំបង)៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានរៀបចំមហាសន្និបាតអាណត្តិទី៣ ដោយបានជ្រើសរើសលោក យស់ យឿន ចៅសង្កាត់រតនៈ នៃក្រុងបាត់ដំបង ជាប្រធាន និងអនុប្រធានចំនួន០៨រូបផ្សេងទៀត ដោយទទួលសម្លេងឆ្នោតគាំទ្រចំនួន២៩៦សន្លឹក និងមិនគាំទ្រ ២ សន្លឹក។
អនុប្រធាន០៨រូបនោះគឺ១៖ លោក ថាត់ ណារុន ប្រធានក្រុមប្រឹក្សាស្រុករតនមណ្ឌល, ២៖ លោក ទុយ សំអាន ប្រធានក្រុមប្រឹក្សាស្រុករុក្ខគិរី, ៣៖ លោកស្រី សុខ សុភាព សមាជិកក្រុមប្រឹក្សាស្រុកថ្មគោល, ៤៖ លោក ស៊ឹម សំអុន មេឃុំបវេល, ៥៖ លោកស្រី ស៊ឹម ពៅ មេឃុំរកា, ៦៖ លោក ទូច ស្វាង មេឃុំអន្លង់វិល, ៧៖ លោក ចាយ ម៉ោញ មេឃុំបារាំងធ្លាក់ និង៨៖ លោក ទេព ផាង ជំទប់ទី២ ឃុំរូងជ្រៃ។
មហាសន្និបាតប្រព្រឹត្តិ ទៅក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សំរិទ្ធិ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
អ្នកចូលរួមមហាសន្និបាតសរុប៤២៧នាក់ ក្នុងនោះប្រតិភូក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ចំនួន៣៣៦នាក់ មកពីក្រុង ស្រុកទាំង១៤ និងឃុំ សង្កាត់ទាំង១០២។
សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាសមាជិកសមាគមគឺក្រុង១ ស្រុក១៣ ឃុំ៩២ និងសង្កាត់ចំនួន១០៕