(សៀមរាប)៖ លោក អៀង ពិសិដ្ឋ ឋានន្តរសកិ្តវរៈមន្ត្រីថ្នាក់លេខ៤ អភិបាលរងស្រុកសូទ្រនិគម ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអភិបាលស្រុកស្វាយលើ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ នៅរដ្ឋបាលសាលា ស្រុកស្វាយលើ ជំនួសលោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុក ដែលត្រូវបានចូលនិវត្ត និងបានប្រកាសអភិបាលរងស្រុក១រូប នាយករដ្ឋបាលសាលាស្រុក១រូប ក្រោមអធិបតីភាពរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប។
លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្ស នៃសាលាខេត្ត បានអាននូវអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតែងតាំងលោក អៀង ពិសិដ្ឋ ឲ្យកាន់មុខតំណែងជាអភិបាល ស្រុកស្វាយលើ ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្តជំនួស លោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុក ដែលត្រូវបានចូលនិវត្ត។
ថ្លែងនាឱកាសនោះលោក ទៀ សីហា បានបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត /ក្រុង /ស្រុក ដែលបានបម្រើការងារគ្រប់អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកឡើយ ។
លោកថា ការប្រកាសចូលកាន់តំណែង ជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្ត ដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ។ ហើយនេះជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ ថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិ/ឃុំ ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍របស់ប្រជាជន ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អភិបាលស្រុកស្វាយលើ ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារ ក្នុងការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់។ ម៉្យាងទៀត ត្រូវធ្វើការពង្រីកនូវលើ វិស័យទេសចរណ៍ នៅក្នុងសហគមន៍ ដោយមានការរួមសហការជាមួយមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកស្វាយលើទាំងមូល និងត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឲ្យបាន ល្អប្រសើរ និងពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងល្អ ជាមួយបណ្តាស្ថាប័ន អង្គភាព ដៃគូរពាក់ព័ន្ធ ឲ្យបានល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ៕