(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣ ខែតុលានេះ បានថ្លែងចាត់ទុកភ្នាក់ងារសេវាកម្មពន្ធដារ គឺជាដៃគូយ៉ាងសំខាន់ ក្នុងការផ្តល់សេវាកម្មពន្ធដារ ដើម្បីចូលរួមសម្រេចឱ្យបាននូវយុទ្ធសាស្រ្តកៀរគរចំណូល។
ការថ្លែងយ៉ាងដូច្នេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «សិទ្ធិ និងកាតព្វកិច្ច របស់ភា្នក់ងារសេវាកម្មពន្ធដារ»។
ពិធីនោះក៏មានការលោកឧកញ៉ា សុខ ពិសិដ្ឋ សហប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន តំណាងក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងម្ចាស់ និងតំណាងសហគ្រាស ដែលបម្រើការក្នុងវិស័យភ្នាក់ងារ សេវាកម្មពន្ធដារ ព្រមទាំងបេក្ខជន ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការប្រឡងជាប់ជាស្ថាពរ នូវការប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ សរុបប្រមាណជាង៥០០នាក់។
លោកឧកញ៉ា សុខ ពិសិដ្ឋ សហប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន បានលើកឡើងអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកពន្ធដារ ដែលជាចំណេះដឹងមូលដ្ឋាន ដែលពាណិជ្ជករគ្រប់រូបត្រូវចេះដឹង ក្នុងការធ្វើអាជីវកម្ម ព្រមទាំងបានគូសបញ្ជាក់អំពីវឌ្ឍនភាព នៃកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្ដល់ភាពងាយស្រួល ដល់អ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។
លោក គង់ វិបុល បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកឧកញ៉ាប្រធាន ក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន តំណាងក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក លោកស្រី នាងកញ្ញា ជាម្ចាស់និងតំណាងសហគ្រាសដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលានាព្រឹកនេះ។
លោកក៏បានគូសបញ្ជាក់ អំពីកិច្ចសហការជិតស្និទ្ធរវាងរដ្ឋបាលសារពើពន្ធ និងវិស័យជន និងការបន្តធ្វើកំណែទម្រង់នានាបន្តទៀត ដើម្បីធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក៏ដូចជាដើម្បីផ្ដល់ភាពងាយស្រួល ជូនដល់អ្នកជាប់ពន្ធ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។
លោកអគ្គនាយកក៏បានជម្រាប ជូនអង្គសិក្ខាសាលាផងដែរថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងសម្រាប់សហគ្រាស ដែលទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ។ ជាក់ស្ដែង គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានបណ្ដុះបណ្ដាលបេក្ខជនភ្នាក់ងារសេវាកម្មពន្ធដារចំនួន ៤ ៥២៨ នាក់ និងមានបេក្ខជនប្រឡងជាប់ភ្នាក់ងារ សេវាកម្មពន្ធដារចំនួន ៩៩៥ នាក់ ក្នុងនោះសហគ្រាសដែលទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារមានចំនួន ២១០ សហគ្រាស។
លោកអគ្គនាយកបន្តថា សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងបរិបទ នៃការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល និងជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត កៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ដែលមានគោលបំណងជាយុទ្ធសាស្រ្តចំនួនបី គឺ១៖ បង្កើនអនុលោមភាពតាមច្បាប់ ដោយស្ម័គ្រចិត្ត និងកាត់បន្ថយជាអតិបរមា នូវបន្ទុកអ្នកជាប់ពន្ធ ដោយផ្តល់សេវាប្រកបដោយគុណភាព, ២៖ បន្តពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ប្រកបដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ និងស្មើភាព ដើម្បីជំរុញអ្នកជាប់ពន្ធ ឱ្យបំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ និង ៣៖អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយពង្រឹងស្ថាប័ន។
លោកបញ្ជាក់ថា «ភ្នាក់ងារសេវាកម្មពន្ធដារ គឺជាដៃគូយ៉ាងសំខាន់របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការផ្តល់សេវាកម្មពន្ធដារ ដើម្បីចូលរួមសម្រេចឱ្យ បាននូវគោលបំណង នៃយុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ ២០១៩-២០២៣»។
តាមរបៀបវារៈដែលបានគ្រោងទុក អង្គសិក្ខាសាលាបានរៀបចំឱ្យមានការធ្វើបទបង្ហាញ នូវប្រធានបទសំខាន់ៗជូនសិក្ខាកាមរួមមាន បទបង្ហាញស្ដីពី៖
១៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់ផ្ដល់សេវាកម្មពន្ធដារជូនអ្នកជាប់ពន្ធ
២៖ សិទ្ធិ និងកាតព្វកិច្ច របស់ភា្នក់ងារសេវាកម្មពន្ធដារ
៣៖ លក្ខណវិនិច្ឆ័យ និងអត្ថប្រយោជន៍ដែលទទួលបានពីការវាយតម្លៃកម្រិតអនុលោមភាពសារពើពន្ធ និង
៤៖ វិធាននៃការប្រើប្រាស់វិក្កយបត្រសម្រាប់អ្នកជាប់ពន្ធដែលបានចុះបញ្ជីពន្ធដារតាមរបបស្វ័យប្រកាស។
លោក គង់ វិបុល ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់សិក្ខាកាម ដែលជាអ្នកបម្រើការក្នុងវិស័យភ្នាក់ងារសេវាកម្មពន្ធដារ ដែលបានចូលរួមជាការផ្ដល់សំណួរ យោបល់ និងមតិស្ថាបនា ដើម្បីរដ្ឋបាលសារពើពន្ធអាចយកធ្វើជាមូលដ្ឋាន សម្រាប់ធ្វើការសិក្សាបន្ថែម ពិចារណា និងកែលម្អបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចគោលបំណងសំខាន់ពីរ នៃយុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ២០១៩-២០២៣ ព្រមទាំងពង្រឹងនូវប្រសិទ្ធភាព និងតម្លាភាពនៃការគ្រប់គ្រង ប្រមូលចំណូលពន្ធ។
លោកបានសំណូមពរដល់ម្ចាស់ និងអ្នកតំណាងសហគ្រាស ដែលទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ដែលជាសិក្ខាកាមទាំងអស់ ចែករំលែកចំណេះដឹង ដែលបានទទួលព្រឹកនេះ បន្តទៅឱ្យសហការីដែលមិនបានចូលរួម ក្នុងគោលដៅបន្តបង្កើន និងធ្វើបច្ចុប្បន្នភាពចំណេះដឹង និងជំនាញទាក់ទិននឹងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីឱ្យការផ្តល់សេវាឱ្យអ្នកជាប់ពន្ធ ប្រកបដោយគុណភាពនិងវិជ្ជាជីវៈ និងអនុវត្តការងាររបស់ខ្លួន ឱ្យបានត្រឹមត្រូវទាន់ពេលវេលា និងចូលរួមទប់ស្កាត់បាននូវអំពើគេចវេះពន្ធ។
ជាកិច្ចបញ្ចប់ លោក រៀម រដ្ឋា ប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ជាតំណាងលោក គង់ វិបុល បានជូនជាសាររំលឹកដល់អភិបាល និងតំណាងសហគ្រាស ដែលបម្រើការក្នុងវិស័យភ្នាក់ងារ សេវាកម្មពន្ធដារ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារជាធរមាន៕