(កំពង់ចាម)៖ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ប្រារព្ធធ្វើនៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងលើកទឹកចិត្ត ឲ្យមនុស្សវ័យចំណាស់ ជានិវត្តជនថែរក្សាសុខភាព និងចូលរួមថែរក្សាសុខសន្តិភាពប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនទៅអនាគត។
លោកអភិបាលខេត្ត បានថ្លែងថា «សូមលោកពូ អ្នកមីង លោកអ៊ុ ដែលជានិវត្តជនទាំងអស់ ថែរក្សាសុខភាព បើសិនមានជំងឺឈឺថ្កាត់ សូមប្រញាប់ទៅរកមន្ទីពេទ្យ ព្រោះបច្ចុប្បន្នការពិនិត្យ និងព្យាបាលសុខភាព មិនអស់លុយទេ ព្រោះរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ជាអ្នកចេញលុយជំនួស»។
លោក អ៊ុន ចាន់ដា បន្ថែមទៀតថា ទន្ទឹមនឹងនេះ ក្រៅពីផ្តល់ប័ណ្ណ ប.ស.ស រាជរដ្ឋាភិបាលតែងតែបានគិតគូរ អំពីកំណែទម្រង់តំឡើង ប្រាក់បៀវត្សដល់សោធននិវត្តន៍ យើងជាបន្តបន្ទាប់ផងដែរ។ លោកអភិបាលខេត្ត បន្តថា ប៉ុន្មានថ្ងៃកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរខេត្ត យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដែលងាយរងគ្រោះ ពិសេសគឺនៅក្នុងរដូវទឹកជំនន់។
លោកបន្តថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះការលះបង់ការខិតខំបំពេញភារកិច្ចរបស់ លោកពូ អ្នកម៉ីង លោកអ៊ុ ចូលនិវត្តន៍ទាំងអស់ ដែលបានបំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក និងចូលរួមរក្សាសុខសន្តិភាពស្ថិរភាព ឲ្យកូនចៅជំនាន់ក្រោយបានរស់សុខសាន្តដូចសព្វថ្ងៃ ដូច្នេះសូមលោកពូ អ្នកមីង លោកអ៊ុទាំងអស់ បន្តជួយថែរក្សាសុខសន្តិភាពដែលយើងកំពុងតែមាននេះ ឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងទៅអនាគត»៕