(ភ្នំពេញ)៖ ក្រោយពីកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់ប្លន់ ក្នុងរាជធានីភ្នំពេញចំនួន៧នាក់នោះ បែកធ្លាយបក្ខពួកក្រុមជនសង្ស័យចំនួន៣នាក់ គឺជាជនដៃដល់ពាក់ព័ន្ធនិងករណីឃាតកម្មសម្លាប់មនុស្ស នៅខណ្ឌព្រែកព្នៅ កាលពី២ខែមុន។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ថា ក្រោយពីកម្លាំងជំនាញរបស់លោក បានធ្វើការបង្ក្រាបក្រុមចោរឆក់និងប្លន់ទាំងនោះ ដោយធ្វើការសាកសួរ អស់រយៈពេលមួយយប់មួយថ្ងៃ ទើបបែកធ្លាយក្រុមជនសង្ស័យចំនួន៣នាក់ ជាឃាតករបានវាយសម្លាប់បុរសម្នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅម្តុំវត្តពោធិ៍កន្លងទៅ នៅខណ្ឌព្រែកព្នៅ កាលពី២ខែមុន។
លោក យឹម សារ៉ាន់ បានបន្តថា ជនសង្ស័យដែលជាប់ករណីឃាតកម្ម ទី១៖ ឈ្មោះ សៀង តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ, ២៖ ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និង៣៖ ឈ្មោះ យ៉ុង សហសវត្សន៍ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ស្នោរ។
លោកអធិការរូបនេះ បានបន្តទៀតថា ខណៈនេះកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ កំពុងសហការយ៉ាងក្តៅគគុក ជាមួយកម្លាំងជំនាញខណ្ឌព្រែកព្នៅ និងកម្លាំងជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រកភស្តុតាងបន្ថែមទៀតផងដែរ។
សូមរម្លឹកថា កម្លាំងនគរបាលនៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ តាមបង្ក្រាបក្រុមចោរឆក់ប្លន់ដ៏សកម្ម បានចំនួន៧នាក់ ក្រោយក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពរាប់មិនអស់ នៅក្នុងទឹកដីខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ព្រមទាំងខណ្ឌនានាទៀតផងដែរ និងដកហូតមធ្យោបាយធ្វើសកម្មភាពម៉ូតូ៤គ្រឿង។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១៖១០នាទី ចំណុចផ្លូវមហាវិថីវិមានឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក យឹម សារ៉ាន់ បានបន្តទៀតថា ជនសង្ស័យរួមមាន៖
១៖ ឈ្មោះ សៀង តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
២៖ ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
៣៖ ឈ្មោះ សន ប៊ុនធិម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
៤៖ ឈ្មោះ យ៉ុង សហសវត្ស ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅភូមិស្នោរ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
៥៖ ឈ្មោះ កាក់ សំរេច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងទឹកភ្លើង មានទីលំនៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
៦៖ ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ
៧៖ ឈ្មោះ រឿន សារ៉ូត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ ស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ខណ្ឌពោធិ៍សែនជ័យ។
រួមទាំងវត្ថុតាង ត្រូវដកហូតថ្នាំក្រាមសថ្លា ចំនួន១កញ្ចប់ថង់តូចម៉ូតូ៤គ្រឿង, ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GW-4373, ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HD-9258. ម៉ាកហុងដាសេ ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HN-0663, ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HP-2321 ទូរស័ព្ទដៃ២គ្រឿង iPhone 6 និង iPhone 7,ខ្សែក២ខ្សែ និងចិញ្ចៀន១វង់ និងលុយចំនួន១០,០០០រៀល។
ចំណែកឯកជនរងគ្រោះទី១៖ ឈ្មោះ មាន ចរិយា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាអិន សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ និងទី២៖ ឈ្មោះ ស្រស់ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល វត្ថុតាងត្រូវបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាប៊ិត ពណ៌ផ្កាឈូក ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HU-8226 ជារបស់ជនរងគ្រោះមានឈ្មោះ មាន ចរិយា។
លោក យឹម សារ៉ាន់ បានបន្តទៀតថា សកម្មភាពចុងក្រោយរបស់ក្រុមជនសង្ស័យ ទាំងបានធ្វើសកម្មភាពដេញកាប់ប្លន់ម៉ូតូនៅមុខវត្តភ្នៀត ក្នុងទឹកដីសង្កាត់សំរោងក្រោម តែមិនបានសម្រេចក្នុងកំឡុងខែកញ្ញា និង១ករណីទៀត គឺឆក់ទូរស័ព្ទម៉ាក iphone7 plus នៅមុខវត្តតាភេម ក្នុងទឹកដីខណ្ឌកំបូល។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្តចាត់ការតាមនិតិវិធីច្បាប់៕