(ភ្នំពេញ)៖ កុមារីកម្សត់ម្នាក់ឈ្មោះ ភា ស្រីកុល អាយុ១២ឆ្នាំ ជួបហេតុអកុសលទាមជាប់កាយ ដោយសារកើតជំងឺដុះសាច់កាចចម្លែក បង្កការឈឺចុកចាប់រាល់ថ្ងៃស្ទើតែទ្រាំលែងចង់បាន ស្ដែងចេញនូវក្ដីអាណិតអាសូរជាពន់ពេក ខណៈកុមារីដ៏កម្សត់រូបនេះកំពុងរស់នៅជាមួយបងស្រី រីឯគ្រួសារបងស្រីទៀតសោត ក៏គ្មានលទ្ធភាពចំណាយលុយព្យាបាលជំងឺក្មួយស្រីខ្លួនទៅទៀត ហេតុនេះហើយបងស្រី និងប្អូនស្រីដ៏កម្សត់នេះ ក៏សុំប្រណមម្រាមដៃទទូចសុំក្ដីមេត្តាពីលោកអ្នកមានចិត្តសប្បុរស គ្រាន់ជួយទំនុកបម្រុងការព្យាបាលជំងឺទាំងពួង កុំឱ្យប្អូនស្រីនៅបន្តឈឺចាប់ខ្លាំងឥត គណនាដូចពេលនេះទៀត។
បងស្រីជីដូនមួយប្អូនស្រីកម្សត់ ឈ្មោះ ស្រី កា បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ទាំងសំលេងក្តុកក្តួល ព្រួយបារម្មណ៍ពីប្អូនស្រីរបស់ខ្លួនថា ប្អូនស្រីរបស់គាត់កើតជម្ងឺមហារីកសាច់កាចនេះជាងមួយឆ្នាំមកហើយ កាលពីតំបូងឡើយប្អូនរបស់គាត់មានផ្ទុកជំងឺអេដស៍ស្រាប់មកហើយ ដែលបានឆ្លងមកពីម្តាយរបស់គាត់ ដោយបានលេបថ្នាំបង្ការក្នុងតំណាក់កាលទី១ ហើយក្នុងរយៈពេលជាងមួយឆ្នាំមុននេះ គាត់មានអាការៈចេះតែស្គមទៅៗ ទើបគាត់បាននាំយកទៅពិនិត្យនៅមន្ទីពេទ្យ។
បងស្រីជីដូនមួយប្អូនស្រីកម្សត់នេះ បានបញ្ជាក់ទៀតថា ក្នុងពេលទៅពិនិត្យនោះ លោកគ្រូពេទ្យក៏បានបញ្ជាក់ថា ឈាមរបស់ស្រីកុល បានស៊ាំនឹងថ្នាំពន្យាជំងឺអេដស៍ដំណាក់កាលទី១ហើយ ក៏បានឱ្យក្មួយរបស់គាត់លេបថ្នាំពន្យាក្នុងតំណាក់កាលទី២ បន្ទាប់ពីលេបថ្នាំតំណាក់កាលទី២នេះ ប្អូនស្រីរបស់គាត់ក៏ចាប់ផ្តើមឈឺធ្មេញជាបន្តបន្ទាប់ ក្រោយមកគាត់បានផ្សំថ្នាំឱ្យលេប ដើម្បីបំបាត់អាការៈឈឺធ្មេញនេះ ក្រោយពីបាត់ឈឺធ្មេញនេះ ក៏បានឡើងដរប៉ោងចេញពីច្រមុះដល់ភ្នែកនេះតែម្តង។
គាត់ក៏បាននាំស្រីកុលទៅមន្ទីពេទ្យគុន្ធបុប្ផាដើម្បីព្យាបាល ក្រោយទទួលបានថ្នាំពេទ្យអាការៈស្រីកុល ក៏បានស្រកដូចធម្មតាវិញ តែមិនបានយូរប៉ុន្មានផង ក៏បានកើតឡើងមកវិញតែម្តង។ បើតាមការបញ្ជាក់ពីគ្រូពេទ្យស្រីកុល មានជំងឺមហារីកសាច់កាចតាំងពីកំណើតមកម្ល៉េះ គ្រាន់តែពេលនេះទើបចេញរោគសញ្ញាតែប៉ុណ្ណោះ ហើយជំងឺនេះត្រូវតែបាញ់កាំរស្មីគីមី ហើយបន្ទាប់ពីបាញ់ក៏មិនសង្ឃឹមថាជានោះដែរ ទើបគាត់ចេះតែនៅបន្តរកថ្នាំខ្មែរឱ្យផឹកជាបន្តបន្ទាប់មក។
បងស្រីជីដូនមួយរូបនេះ ក៏បានជួយអំពាវនាវជំនួសប្អូនស្រី ស្នើរសុំដល់សប្បុរសជនទាំងអស់ មេត្តាជួយដល់ប្អូនស្រីរបស់គាត់ផង ព្រោះស្រីកុល ជាក្មេងកំព្រាឱពុក ម្តាយតាំងតែពីតូចមក មករស់នៅជាមួយបងស្រីហើយមានជំងឺអេដស៍ជាប់ខ្លួន ដែលបានបន្តកពីឱពុក ម្តាយ ថែមទាំងមានជំងឺមហារីកសាច់កាចនេះទៀត ខណៈដែលសព្វថ្ងៃនេះស្រីកុល ចេះតែយំស្ទើតែរាល់ថ្ងៃ ដោយសារឈឺខ្លាំងទៅនឹងជំងឺនេះផង ស្តាយចង់ទៅរឿននឹងគេផង ដូចនេះហើយបើសប្បុរសជនមានចិត្តសណ្តោសប្រណី សូមជួយយកអាសារដល់ទុក្ខលំបាករបស់ស្រីកុលផង អាស័យដ្ឋានបងស្រីជីដូនមួយប្អូនស្រី ភា ស្រីកុល ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ Tel: ០១០ ៨០៨ ២៦៣ ស្រី កា៕