(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា រយៈពេល៩ខែ គិតចាប់ពីដើមឆ្នាំដល់ចុងខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបជិត៦០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា។
ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងពីធីចុះហត្ថលេខា លើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនកម្ពុជា នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា ពីដើមឆ្នាំ ដល់ចុងខែកញ្ញា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សាស្ដីពី ហិរញ្ញប្បទានរបស់ជប៉ុន ជាបន្ដបន្ទាប់ចំនួន៣លើក ដូចខាងក្រោម៖
លើកទី១៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះហត្ថលេខាលើឯកសារ ស្ដីពីហិរញ្ញប្បទានរបស់ជប៉ុន សរុបចំនួន៤,៩៣៩លានយ៉េន ស្មើនឹងប្រមាណ៤៣លានដុល្លារអាមេរិក ដែលរួមមាន៖ ឥណទានសម្បទាន សម្រាប់អនុវត្ដគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រប់ និងប្រព័ន្ធរំដោះទឹកភាគខាងលិច បឹងទន្លេសាបជំហានទី២ និងហិរញ្ញប្បទានឥណសំណង់ សម្រាប់អនុវត្ដគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីធ្វើទំនើបកម្មកំពង់ផែ។
លើកទី២៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីជប៉ុន ចុះហត្ថលេខាលើឯកសារ ស្ដីអំពីការផ្ដល់ហិរញ្ញប្បទានឥតសំណង សរុប៥៣៩លានយ៉េន ស្មើនឹងប្រមាណ៥លានដុល្លារអាមេរិក សម្រាប់អនុវត្ដគម្រោង២ គឺគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និងគម្រោងសាងសង់ឃ្លាំង នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។
លើកទី៣៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ចុះហត្ថលេខាលើឯកសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង់ ចំនួន៥០០លានយ៉េន ស្មើនឹងប្រមាណ៤.៦លានដុល្លារអាមេរិក សម្រាប់ការផ្គប់ផ្គងគ្រឿងចក្រ ជួសជុលផ្លូវខ្នល់នៅប្រទេសកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមទៀតថា រដ្ឋាភិបាលជប៉ុន មិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ ដល់សន្ដិភាព និងស្ថេរភាពនៅកម្ពុជាប៉ុណ្ណោះទេ តែក៏បាននឹងកំពុងជួយទ្រទ្រង់យ៉ាងសកម្មដល់ការស្ដារ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមផងដែរ។
សូមជម្រាបថា រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែតុលានេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ខ្លួន ដែលមានទឹកប្រាក់សរុប ២,៧៧៧លានយ៉េន (ជិត២៦លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តន៍គម្រោង «អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ»។
តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯងភាគខាងត្បូង រាជធានីភ្នំពេញ។ ជំនួយរបស់ជប៉ុននេះ នឹងរួមចំណែកដ៏សំខាន់ ដល់ការធ្វើឲ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕