(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានស្នើដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ធ្វើការពិចារណា ក្នុងការនាំចូលម្រេចកំពត ដែលជាផលិតផលកសិកម្មមួយដ៏ល្បី នៅក្នុងពិភពលោក។ នេះបើយោងតាមការបញ្ជាក់ពី លោកស្រី ទូត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងឱកាសដែលលោកជួបសន្ទនាជាមួយលោក U Thit Linn Ohn ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសមីយ៉ាន់ម៉ា នៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ។
ក្នុងសន្និសីទស្តីពីជំនួបនេះ លោកស្រី ទូត បញ្ញា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការផ្លាស់ប្តូរទំនិញកសិកម្មទៅវិញទៅមក។ នៅកម្ពុជាយើង មានផលិតផលម្រេចកំពត ដែលល្បីនៅក្នុងពិភពលោក ហើយលោកក៏បានស្នើឱ្យភាគីមីយ៉ាន់ម៉ា ពិចារណាក្នុងការនាំចូលម្រេចកំពត ទៅមីយ៉ាន់ម៉ាផងដែរ»។
បើតាមអនុរដ្ឋលេខាធិការក្រសួងការបរទេស បានឱ្យដឹងបន្ថែមថា ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសមីយ៉ាន់ម៉ា បានឯកភាពថា នឹងខិតខំជំរុញវិស័យពាណិជ្ជកម្ម-កសិផល ប៉ុន្តែមិនបានបញ្ជាក់ថា នឹងនាំចូលម្រេចកំពតនោះទេ។
លោកស្រី ទូត បញ្ញា បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសកម្ពុជា-មីយ៉ាន់ម៉ា មានការរីកចម្រើន ប៉ុន្តែនៅក្នុងកម្រិតមួយទាបបំផុត។ កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួនជាង ៤លានដុល្លារអាម៉េរិក ហើយនៅឆ្នាំ២០១៩ មានចំនួនជាង ១០លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ា បានមកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ លោកបានថ្វាយសារតាំង ចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២១ ខែសីហា។
លោក U Thit Linn Ohn បានសម្តែងការរីករាយ ដែលបានមកបំពេញបេសកកម្មនៅប្រទេសកម្ពុជា។ លោកប្ដេជ្ញាថា នឹងខិតខំក្នុងការពូនជ្រុំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលមានស្រាប់ ឱ្យកាន់តែរីកចម្រើនថែមទៀត៕