(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានស្នើដល់ក្រុមគ្រូពេទ្យអន្តរទ្វី (PAC) បន្តបេសកកម្ម មិនថាឆ្នាំនេះ ឬឆ្នាំបន្ទាប់ ដើម្បីចូលរួមចំណែកព្យាបាល ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រោះថាពួកគាត់ដែលមកទទួលការព្យាបាលកន្លងទៅ និងដែលមានវ័យលើសពី៥០ឆ្នាំ ភាគច្រើនគឺនៅសេសសល់ពីសម័យសង្គ្រាមដ៏ឃោរឃៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីបិទការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីចាប់ដំណើរ៧ថ្ងៃរួចមកហើយ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ។
ពិធីនេះបានការអញ្ជើញចូលរួមពីសំណាក់លោក រូហ្វីអូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្ត, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) មកពីបណ្តាប្រទេសអារ៉ាប់ រួមមាន អារ៉ាប៊ីសាអ៊ូឌីត ហ្សក់ដានី ទុយណេស៊ី, មន្រ្តីមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត និងគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ព្រមទាំងបានការសម្របសម្រួលការងារ ពីក្រុមយុវជនសមាគមសម្ពន្ធយុវជនមុស្លិមកម្ពុជា, សម្ពន្ធយុវជនស្រឡាញ់សន្តិភាព, សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តពោធិ៍សាត់ផងដែរ។
តាមរបាយការណ៍ពីលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ផ្ទាល់ និងខេត្តមួយចំនួនទៀត បានមកចូលរួមចុះឈ្មោះទទួលសេវាព្យាបាល រយៈពេល៧ថ្ងៃកន្លងទៅនេះ និងធ្វើការវះកាត់ដោយជោគជ័យ ចំពោះជំងឺធំៗ បានចំនួន១០២ករណី លើ១១ប្រភេទ និងព្យាបាលជំងឺទូទៅ បានចំនួន៦១០នាក់។ ការពិនិត្យ និងព្យាបាលនេះ គឺផ្ដោតសំខាន់ទៅលើផ្នែកវះកាត់ទូទៅមានដូចជា៖ ដុំគីស សាច់ដុះ សាច់ផ្លែ ឬប្រជ្រុយដុះ និងជំងឺដុំពកផ្សេងៗ ជំងឺក្លន វះកាត់កែសម្ផស្ស រោគស្រ្តីគ្រប់ប្រភេទ ជំងឺកុមារ ទារកដែលមានបញ្ហា ឬពិការអាវៈយវៈ, ជំងឺវេជ្ជសាស្រ្តទូទៅដូចជា៖ ទឹកនោមផ្អែម លើសឈាម និងជំងឺឆ្លងនានាជាដើម។
លោក ម៉ៅ ធនិន បានថ្លែងថា តាងនាមជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមសូមថ្លែងអំណរគុណ និងធ្វើការកោតសរសើរខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រើអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ក្នុងនាមមនុស្សធម៌ របស់ក្រុមគ្រូពេទ្យអន្តរទ្វីប ដែលបំពេញបេសកកម្មក្នុងទឹកដីខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន រំពឹងថា ការពិនិត្យ និងព្យាបាលនាពេលនេះ គឺជាការចូលរួមចំណែក ទៅលើបញ្ហាប្រឈម នៃការព្យាបាលពុកម៉ែបងប្អូន ប្រជាពលរដ្ឋរបស់យើង នៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកអភិបាលខេត្ត បានថ្លែងទៀតថា បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលការព្យាបាលកន្លងទៅ និងដែលមានវ័យលើសពី៥០ឆ្នាំ ភាគច្រើនគឺនៅសេសសល់ពីសម័យសង្គ្រាមដ៏ឃោរឃៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ជាក់ស្តែងប្រទេសរបស់យើងទាំងមូល និយាយដោយឡែកនៅក្នុងខេត្តពោធិ៍សាត់របស់យើង ក្រោយពីទទួលបាននូវសន្តិភាពទាំងមូល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យមានការអភិវឌ្ឍន៍ និងការរីកចម្រើន ជាពិសេស គឺអត្រាកំណើតរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តង។ ក្នុងន័យនេះ វិស័យសុខាភិបាល គឺជាវិស័យចំបងក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលដើរតួសំខាន់ ទៅលើសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានលើកឡើងថា ក្រុមគ្រូពេទ្យដែលព្យាបាលរយៈពេលខ្លី ពេលខ្លះក៏អាចជា តែពេលខ្លះក៏មិនទាន់ជានោះដែរ កត្តាដែលសំខាន់ ចំពោះជំងឺដែលព្យាបាលរយៈពេលខ្លីមិនជា សូមឱ្យវេជ្ជបណ្ឌិតអន្តរទ្វីប អាចផ្ញើជាថ្នាំសង្កូវ សម្រាប់បន្តការព្យាបាលទៀតបាន។ លោកក៏សូមស្វាគមន៍ជានិច្ច ចំពោះបេសកកម្មរបស់វេជ្ជបណ្ឌិតអន្តរទ្វីប មិនថាឆ្នាំនេះ ឬឆ្នាំក្រោយបន្តបន្ទាប់ទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់៕