(រតនគិរី)៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅមុននេះបន្ដិច វេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ និងដកហូតបានកាំភ្លើងខ្លីមួយដើម ជាមួយរថយន្ដដែលជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ។ ពេលនេះកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។
សូមជម្រាបថា មន្ដ្រីនគរបាលម្នាក់ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី ដោយដកស្រង់សម្ដីរបស់អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ ហើយឃើញចុះដើរតំរង់ជនរងគ្រោះ បាញ់ចំក្បាលតែម្តង រួចរត់ឡើងរថយន្តបើកគេចបាត់។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕