(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការគាំទ្រពីដៃគូរអភិវឌ្ឍន៍ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្រោមអធិបតីភាព លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីដំណើរ នៃការកសាងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដោយមាន ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ជាគោល ក្នុងគោលដៅធានានូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រជាជន ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ត្រូវបានរៀបចំឡើងដោយផ្តោតលើសសរស្តម្ភ ២ សំខាន់ៗ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យ និងការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយឋានៈ និងមុខមាត់របស់កម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ប្រព័ន្ធជំនួយសង្គម ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងកម្មវិធីដែលរួមបញ្ចូលអន្តរាគមន៍ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ប្រព័ន្ធនេះមានធាតុផ្សំ ៤ សំខាន់ៗគឺ៖ ១-ការឆ្លើយតបទៅនឹងគ្រោះអាសន្ន, ២-ការអភិវឌ្ឍមូលធនមនុស្ស, ៣-ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង៤-សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ។
ដោយឡែក ប្រព័ន្ធសន្តិសុខសង្គម ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងកម្មវិធីដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការការពារពីហានិភ័យនានា ដែលរួមមានធាតុផ្សំ ៥ សំខាន់ៗគឺ៖ ១-សោធន, ២-ថែទាំសុខភាព, ៣-ហានិភ័យការងារ, ៤-និកម្មភាព និង ៥-ពិការភាព។
គោលដៅចម្បងនៃក្របខណ្ឌគោលនយោបាយនេះ គឺធ្វើការបន្ស៊ី ប្រមូលផ្តុំ និងពង្រឹងកម្មវិធីដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃកម្មវិធីនានា ក្នុងប្រព័ន្ធគាំពារសង្គមទាំងមូល រួមទាំងការពង្រីកវិសាលភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ព្រមទាំងរៀបចំឱ្យមានក្របខណ្ឌអភិបាលកិច្ច ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពចំណាយថវិកា។
តាមរយៈគោលនយោបាយនេះ ប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះទទួលបានការគាំពារក្រោមរូបភាពផ្សេងៗ ក្នុងក្របខ័ណ្ឌនៃការងារគាំពារសង្គម ដូចជាការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក ការឧបត្ថម្ភចំពោះប្រជាជនក្រីក្រ ដែលមកសម្រាកព្យាបាល ឬសម្រាលកូន និងការផ្តល់ការអប់រំ ក៍ដូចជាការផ្តល់តាវកាលិកសោធន ថែទាំសុខភាព ហានិភ័យការងារ ពិការភាពជាដើម៕