(ភ្នំពេញ)៖ លោក ទូច ច័ន្ទដារ៉ូ (Touch Chandaro) អតីតនិស្សិតខ្មែរ នៅរាជបណ្ឌិតសភាយោធាអូស្រ្តាលី (Royal Military College-Duntroon) បានប្រតិកម្មយ៉ាងខ្លាំងនឹងការប្រមាថរបស់ ទណ្ឌិត សម រង្ស៉ី ទៅលើសញ្ញាបត្រ ពីសាលា West Point របស់ លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន។
លោកបានលើកឡើងនៅលើ Facebook យ៉ាងដូច្នេះថា៖ «តាំងនាមខ្ញុំដែលធ្លាប់ជានិស្សិត នៅរាជបណ្ឌិតសភាយោធានៃប្រទេសអូស្រ្តាលី (Royal Military College-Duntroon) ខ្ញុំបាទ ក៏ដូចជានិស្សិត នៃបណ្តាសាលាបណ្ឌិតសភាយោធាផ្សេងទៀត មានភាពមិនពេញចិត្ត និងសោកស្ដាយយ៉ាងខ្លាំងចំពោះពាក្យសម្តី និងសកម្មភាពរិះគន់ និងមាក់ងាយ របស់ទណ្ឌិត សម រង្ស៉ី មកលើតម្លៃ និងកិត្តិយសរបស់ពួកយើង ដែលជានិស្សិតបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រដែលមានការទទួលស្គាល់ជាសកល និងពីមជ្ឈដ្ឋានអ្នកដឹកនាំកំពូលៗរបស់ពិភពលោក»។
លោកបញ្ជាក់ថា មុននឹងសម្រេចទទួលបានសញ្ញាបត្រដ៏មានកិត្តិយសមួយ ដោយឈរលើស្មារតីសមភាព និងមិនរើសអើង និស្សិតទាំងអស់ (ទាំងបរទេស ទាំងនិស្សិតខ្មែរ ) ចាំបាច់តម្រូវឱ្យមានការប្តេជ្ញាចិត្តខ្ពស់ ការអំណត់អត់ធ្មត់តស៊ូ និងការលះបង់ជាច្រើន។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យលោកបានយល់ច្បាស់អំពីតម្លៃ និងកិត្តិយសនៃការតស៊ូរបស់ ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ទម្រាំទទួលបានភាពជោគជ័យក្នុងការសិក្សានៅសាលាបណ្ឌិសភាយោធាសហរដ្ឋអាមេរិក West Point។ នេះជាអ្វីដែលយើងទាំងអស់គ្នាគួរតែមានមោទនភាព ជាជាងការទិតៀន បន្ទច់បង្អាក។
លោកគូសបញ្ជាក់ថា៖ «ដូច្នេះខ្ញុំសូមប្រឆាំងដាច់ខាត ចំពោះទណ្ឌិត សម រង្ស៉ី ដែលជាអ្នកនយោបាយចាស់វស្សា ផ្អែកលើចំណេះដឹងមិនច្បាស់លាស់ ប្រើប្រាស់ព័ត៌មានមិនពិត ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន»។
សូមបញ្ជាក់ថា នាថ្មីៗនេះ លោក សម រង្ស៉ី បាននិយាយរិះគន់ដល់ សញ្ញាបត្រពីសាលា West Point របស់ លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត។
ក្រោយមានការរិះគន់នេះ លោក ហ៊ុន ម៉ាណែត បានបបួល លោក សម រង្ស៉ី ភ្នាល់គ្នា ដោយដាក់លក្ខខណ្ឌ២ចំណុចគឺ៖ បើសិនជា សាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាង និស្សិតយោធាបរទេស និងអាមេរិកមែនដូច លោក សម រង្ស៉ី និយាយមែននោះ លោកនឹងលាលែងតួនាទីទាំងអស់ ប៉ុន្តែបើលោក សម រង្ស៉ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រ២ប្រភេទដែលមានតម្លៃខុសគ្នាទេ សូមឲ្យលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។
ប៉ុន្តែទោះជាយ៉ាង នេះក្តី ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ពុំហ៊ានភ្នាល់ តាមការបបួលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ៕