(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជាង២ពាន់លានដុល្លារអាមេរិក ស្នើនឹង៩៥.៤២% នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៩។
លទ្ធផលនៃការប្រមូលចំណូលពន្ធនេះ ត្រូវបានលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ប្រាប់ គណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Jarkko Turunen ប្រធានបេសកកម្ម និងអមដំណើរដោយលោក Yasuhisa Ojima តំណាង IMF ប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងការផ្តល់ធាតុចូលលើ Article IV ឆ្នាំ២០១៩ សម្រាប់ប្រទេសកម្ពុជា។
លោក គង់ វិបុល បានជម្រាបដល់គណៈប្រតិភូ IMF ថា «ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ជាលទ្ធផលនៃការប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ អគ្គនាយកដ្ឋានពន្ធដារសម្រេចបាន ២,១៩៧.៩២លានដុល្លារអាមេរិក លើសផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៨ ចំនួន ១៤.២៧%។ ដោយឡែកលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួន ២,១៨៣.៦៨ លានដុល្លារអាមេរិក ស្នើនឹង៩៥.៤២% នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៩»។
លោកបានបញ្ជាក់ថា កត្តាសំខាន់ៗដែលនាំឱ្យចំណូល មានការកើនឡើងក្នុងរយៈពេលកន្លងមកនេះ គឺការខិតខំប្រឹងប្រែងអនុវត្តតាមយុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតជាសំខាន់លើការពង្រឹងការធ្វើកំណែទម្រង់រដ្ឋបាលសារពើពន្ធ ព្រមទាំងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ លើមុខងារស្នូល និងមុខងារគាំទ្រទាំងអស់ របស់អគ្គនាយកដ្ឋានពន្ធដារ ដូចជាការដាក់ឱ្យអនុវត្តប្រព័ន្ធ E-VAT, ការពង្រឹងការចុះបញ្ជីពន្ធដារ, ការពង្រឹងការធ្វើសវនកម្ម, ការរៀបចំកម្មវិធីសវនកម្ម ដោយផ្អែកលើហានិភ័យ, ការរៀបចំរបាយការណ៍សវនកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការផ្សព្វផ្សាយវប្បធម៌បង់ពន្ធ ដល់អ្នកជាប់ពន្ធតាមរយៈការធ្វើសិក្ខាសាលា (Tax Forum), និងការពង្រឹងការគ្រប់គ្រងធនធានមនុស្ស របស់អគ្គនាយកដ្ឋានពន្ធដារជាដើម ហើយក៏បាននឹងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការនានាក្នុងការគ្រប់គ្រង ប្រមូលបំណុលពន្ធដារផងដែរ។
គណៈប្រតិភូ IMF បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋានពន្ធដារដែលសម្រេចបាន នូវសមទ្ធផលកំណើនចំណូលពន្ធខ្ពស់ លើសផែនការកំណត់ដោយច្បាប់ថវិកា និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការតាមដានវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផ្តល់អនុសាសន៍គោលនយោបាយ ក្នុងន័យជួយតម្រង់ទិសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជំនួបពិភាក្សាការងារនេះ ផ្តោតសំខាន់លើ៖ ១-លទ្ធផលនៃការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ ២០១៨ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០១៩,២-ការធ្វើសវនកម្មពន្ធដារ លើប្រភេទអ្នកជាប់ធំ និងមធ្យម និងការពង្រឹងវិធានការពន្ធដារ, ៣-វិធានការ/ការផ្លាស់ប្តូរគោលនយោបាយ សារពើពន្ធដែលបានគ្រោងទុក នៅក្នុងច្បាប់ថវិកាឆ្នាំ ២០២០ និងក្នុងរយៈពេលមធ្យមខាងមុខ និង៤-ការលើកទឹកចិត្ត និងការអនុគ្រោះពន្ធថ្មីៗ។
សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំ IMF តែងតែមកធ្វើការតាមដានវិភាគផ្តល់អនុសាសន៍អំពីស្ថានភាពសេដ្ឋកិច្ច និងព្យាករណ៍បញ្ហាប្រឈម ផ្នែកហិរញ្ញវត្ថុរបស់ប្រទេសនីមួយៗ ជាសមាជិករបស់ IMF ដែលការងារនេះបានចែងនៅក្នុងមាត្រា IV នៃលក្ខន្តិកៈរបស់ IMF ត្រូវបានហៅថា Article IV Consultations៕