(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល២៩នាក់ និងរបួសធ្ងន់២៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្តតូច៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ស្រវឹង, ងងុយដេក, និងកត្ដាយាន។
សូមបញ្ជាក់ថា រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៥នាក់ របួសធ្ងន់៤៨នាក់ និងរបួសស្រាល៣៩នាក់៕