(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា «ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា» ដែលមានក្រសួងទេសចរណ៍ជាប្រធាន បាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រថ្មីៗ ក្នុងការទាក់ទាញកំណើនទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ខណៈគោលដៅទេសចរណ៍មួយចំនួនបាននិងកំពុងមានការប្រែប្រួល ក្នុងដំណាក់កាលកើតមានសង្គ្រាមពាណិជ្ជកម្ម។
ដើម្បីសម្រេចកិច្ចការនេះទៅបាន នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានកោះប្រជុំសមាជិករបស់ខ្លួននៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលនេះ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោយការអនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរួចហើយ នឹងបន្តពិភាក្សាគ្នាលើការរៀបចំយុទ្ធសាស្ត្រទីផ្សារថ្មីៗ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឡើងវិញឱ្យបានល្អប្រសើរ ខណៈដែលពិភពលោកកំពុងជួបប្រទះវិប្បត្តិសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងមហាយក្សចិន។
លោករដ្ឋមន្ត្រីបានបន្តថា វិប្បត្តិសង្គ្រាមពាណិជ្ជកម្មនេះបានបណ្ដាលឱ្យគោលដៅទីផ្សារទេសចរណ៍មួយចំនួនមានការប្រែប្រួល ហើយកម្ពុជាត្រូវខិតខំតោងស្រវាចាប់យកទីផ្សារ ឬគោលដៅទេសចរណ៍ណាដែលមានសក្តានុពល ពោលគឺត្រូវរៀបចំទាំងយុទ្ធសាស្ត្រ មធ្យោបាយ និងថវិកា ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់គោលដៅសំខាន់ៗ សំដៅទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានច្រើន និងប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
លោក ថោង ខុន បានសង្កត់ធ្ងន់ថា សម្រាប់ទីផ្សារទេសចរណ៍ចិន កម្ពុជាកាន់តែត្រូវពង្រឹងថែមទៀត ព្រោះថាចិនជាទីផ្សារទេសចរណ៍លើសកលលោកដ៏ធំ តែត្រូវតែចូលជ្រៅទៅគោលដៅសំខាន់ណាដែលមានសក្តានុពល ហើយដែលកម្ពុជាត្រូវរៀបចំការផ្សព្វផ្សាយឱ្យបានល្អនៅទីនោះ ក៏ដូចគ្នាទៅនឹងទីផ្សារក្នុងអាស៊ាន អាស៊ី អឺរ៉ុប អាមេរិកផងដែរ ដោយត្រូវធ្វើឱ្យចំគោលដៅ និងត្រូវប្រើគ្រប់មធ្យោបាយ រូបភាព ថវិកាឱ្យមានប្រសិទ្ធភាព។
សូមជម្រាបថា នៅចំពោះមុខនៃកិច្ចប្រជុំនាថ្ងៃនេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានពិភាក្សាលម្អិតលើចំណុចសំខាន់ៗចំនួន ៣ រួមមាន៖
ទី១. លក្ខន្តិកៈរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
ទី២. បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
ទី៣. សេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារជំនាញចំនួន ៥ក្រុម មានក្រុមការងារជំនាញសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រុមការងារជំនាញរៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិក្នុងស្រុក ក្រុមការងារជំនាញរៀបចំផលិតកម្ម បោះពុម្ភផ្សាយទេសចរណ៍ និងឌីជីថល ក្រុមការងារជំនាញរៀបចំដំណើរទស្សកិច្ចសិក្សា (Fam Trip) និងក្រុមការងារជំនាញរៀបចំស្ថានតំណាងទេសចរណ៍ក្រៅប្រទេស ព្រមទាំងការបង្កើតលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា៕