(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា កត្តាហានិភ័យចម្បង ដែលនាំទៅរក «ជំងឺមិនឆ្លង» បណ្តាលមកពីរបបហូបចុកមិនត្រឹមត្រូវ ការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង និងអសកម្មក្នុងការហាត់ប្រាណជាដើម។ ជំងឺមិនឆ្លងមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង-សរសៃឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីក មានមហារីកមាត់ស្បូនជាដើម។
ការបញ្ជាក់របស់លោក អេង ហួត បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលក្រសួងសុខាភិបាលកម្ពុជា, ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា, អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, និងអង្គការសហប្រជាជាតិសម្រាប់កម្មវិធីអភិវឌ្ឍន៍ប្រចាំកម្ពុជា បានរួមគ្នារៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី ករណីវិនិយោគលើជំងឺមិនឆ្លងនៅកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបន្ថែមថា ហានិភ័យលើសុខភាព ដែលបណ្តាលមកពីការបំពុលបរិយាកាស ហានិភ័យសុខភាពបរិស្ថាន នគររូបនីយកម្មក្នុងតំបន់ទីក្រុង និងបម្រែបម្រួលអាកាសធាតុ បាននិងកំពុងក្លាយជាបញ្ហាគំរាមកំហែងមួយទៀត ដល់សុខភាពសាធារណៈ និងដាក់បន្ទុកបន្ថែម ទៅលើកត្តាហានិភ័យនៃជំងឺមិនឆ្លង។
បើតាមលោកសាស្ត្រាចារ្យ អេង ហួត វិធានការបង្ការជំងឺមិនឆ្លង ឬបន្ថយការប្រឈមនឹងកត្តាហានិភ័យ នៃជំងឺត្រូវបានចាប់ផ្តើមពីបុគ្គលម្នាក់ៗ ពីគ្រួសារនីមួយៗ ពីសហគមន៍នីមួយៗ ទៅសង្គមជាតិទាំងមូល តាមរយៈសកម្មភាពអប់រំ លើកកម្ពស់សុខភាព ដើម្បីឱ្យប្រជាពលរដ្ឋ ប្រកាន់យកឥរិយាបទរស់នៅមានសុខុមាលភាព ដែលមិនប្រឈមទៅនឹងកត្តាហានិភ័យ នៃជំងឺមិនឆ្លង។
លោកបន្តថា ក្រសួងសុខាភិបាល បានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពជាតិ ដូចជាផែនការជាតិពហុវិស័យ ក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង និងនិយាមជាតិពាក់ព័ន្ធននានា ក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ដែលជាជំងឺអាទិភាព ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង-សរសៃឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីក មានមហារីកមាត់ស្បូនជាដើម។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ឆ្នាំ២០១៨ បានប៉ាន់ស្មានថា ជំងឺមិនឆ្លងតំណាងឱ្យប្រមាណ ៦៤% នៃករណីស្លាប់ទាំងអស់ នៅក្នុងប្រទេសកម្ពុជា៕