(កំពត)៖ លោក ធា គ្រុយ រដ្ឋលេខាធិការតំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ជាវ តាយ អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ដោយមានការចូលរួមពី ប្រតិភូអំណើរ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងនិស្សិតពេទ្យប្រមាណ ២៥០នាក់។
យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលស្ដីពី ការតែងតាំង ជូនមន្ត្រីរាជការ ក្នុងឱកាសនោះត្រូវបានសម្រេចប្រកាសចូលកាន់មុខតំណែងលោក មិន ជាតិ នាយករងសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគកំពតជំនួសលោក ឈុន សំណាង នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។
លោក ជាវ តាយ បានលើកឡើងថា ការផ្លាស់ប្ដូរតួនាទីភារកិច្ចជូនមន្រ្តីរាជការនាពេលនេះ ជាការងារធម្មតារបស់មន្រ្តីរាជការសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នៃមុខតំណែងផ្សេងទៀតរបស់ស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ថ្ឋាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រងសំដៅធ្វើ ឲ្យមានកំណែទម្រង់ ប្រព័ន្ធការងារកាន់តែប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោក លោកស្រី សាស្ត្រាចារ្យ និងមន្រ្តី គ្រប់ជាន់ថ្នាក់ក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ដែលកន្លងមកបានសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់នូវពុទ្ធិ ចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗជូនដល់ក្មួយៗ ដើម្បីយកទៅបម្រើវិជ្ជាជីវៈខាងផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋនាពេលខាងមុខ។
លោកបណ្ឌិត ធា គ្រុយ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកបណ្ឌិត ម៉ម ប៊ុនហេង ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សាស្ត្រាចារ្យ និងសិស្សនិស្សិត នៃសាលាមធ្យមសិក្សាសុខាភិបាល ភូមិភាគកំពតទាំងអស់។
លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់លោក មិន ជាតិ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ដែលត្រូវបានតែងតាំងនាពេលនេះត្រូវ៖
* បន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន
* ពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត
* ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយគណ:គ្រប់គ្រងសាលា សាស្រ្តាចារ្យ សំដៅលើកស្ទួយកិត្យានុភាពថ្នាលបណ្តុះបណ្តាលមួយនេះឲ្យបានល្អប្រសើរ លុបបំបាត់រាល់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ
* បន្តអនុវត្តផែនការសកម្មភាព និងទិសដៅការងារដែលបានកំណត់សម្រាប់ បណ្តាឆ្នាំខាងមុខ
* យកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំជួយបង្កលក្ខណៈនិងផ្តល់ឱកាសការងារដល់មន្ត្រីវ័យក្មេង ដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃខាងមុខ និងបន្តពង្រឹងទំនាក់ទំនងការងារ ជាមួយ បណ្តារមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់លើគ្រប់ទិដ្ឋភាពការងារដែលពាក់ព័ន្ធទាំងអស់៕