(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលបានលើកឡើងនៅក្នុងពិធីប្រគល់ពានជ័យលាភី នៃកម្មវិធីប្រកួតបង្កើតវីដេអូខ្លី «សោកនាដ្ឋកម្មបង្កដោយការប្រើប្រាស់គ្រឿស្រវឹង» នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានអះអាងថា ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានជំងឺជាង២០០មុខ។
សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានជំងឺប្រមាណជាង ២០០មុខ ដូចជាជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសំពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលវិបល្លាសជាដើម។ ក្រៅពីផលវិបាកនៃសុខភាព ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការខាតបង់សេដ្ឋកិច្ច និងបញ្ហាសង្គមជាច្រើនទៀត»។
សេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានស្រង់របាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ៣លាននាក់ បានស្លាប់ដោយសារផលប៉ះពាល់ ដែលបង្កពីការប្រើប្រាស់គ្រឿងស្រវឹង។ នៅប្រទេសកម្ពុជា ការប្រើប្រាស់គ្រឿងស្រវឹង គឺជាមូលហេតុទី២ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ តាមរយៈរបាយការណ៍ស្តីពីជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា មានមនុស្សស្លាប់២៥០នាក់ ដោយសារការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។ ហើយថវិកាប្រមាណ ៤៤លានដុល្លារអាម៉េរិក ត្រូវបានខាតបង់ដោយសារ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ។
អង្គការចលនាដើម្បីសុខភាពកម្ពុជា បានរៀបចំកម្មវិធីប្រកួតបង្កើតវីដេអូខ្លី ក្នុងគោលបំណងឱ្យយុវជនអាចចូលរួមផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងស្រវឹង និងគាំទ្រឱ្យមានវិធានការ មានប្រសិទ្ធភាពដើម្បីគ្រប់គ្រង ផលិតផលគ្រឿងស្រវឹងក្នុងវត្ថុបំណង បង្ការកុំឱ្យមានជនរងគ្រោះបន្តបន្ទាប់។ កម្មវិធីប្រកួតនេះ ត្រូវបានធ្វើឡើង ដោយសារមើលឃើញថា ការសេពគ្រឿងស្រវឹងជាមធ្យម របស់ប្រជាជនកម្ពុជា មានការកើនឡើងខ្ពស់ ក្នុងកម្រិតប្រកាសអាសន្ន។
តាមរយៈវីដេអូ ដែលបានដាក់ចូលរួមប្រកួត បេក្ខជនបានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានសោកនាដ្ឋកម្មជាច្រើន រួមមាន៖ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ជំងឺ បរាជ័យក្នុងការសិក្សា ការរំលោភបំពានជាដើម៕