(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់កម្ពុជា បានបង្ហាញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ការវិនិយោគនានា ដើម្បីជាការរួមចំណែក ជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ការបង្ហាញនេះ ធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី កិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយវេទិកាសេដ្ឋកិច្ច ពិភពលោក (World Economic Forum) នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។
ថ្លែងក្នុងពិធីបើក លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់តួអង្គពាក់ព័ន្ធ ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះ។
លោកបានថ្លែងអំណរគុណ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ជាពិសេសលោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន ដែលបានសហការរៀបចំសិក្ខាសាលានេះ ដោយផ្តោតលើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងវិស័យកសិកម្ម។
លោករដ្ឋមន្ដ្រីប្រតិភូ បានស្នើសុំឲ្យសិក្ខាកាមទាំងអស់ ចូលរួមពិភាក្សាឲ្យបានផុលផុស ដើម្បីស្វែងរកធាតុចូលគន្លឹះ សម្រាប់កែលម្អការផ្តល់កិច្ចសម្រួលវិនិយោគ កាន់តែប្រសើរជាងមុន។
លោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន បានសម្តែងនូវសេចក្តីសោមនស្ស ដោយបានធ្វើការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតួអង្គពាក់ព័ន្ធនានា ដើម្បីរៀបចំឲ្យមានសិក្ខាសាលានាថ្ងៃនេះ។
លោកបណ្ឌិតបានជម្រាបជូនអង្គសិក្ខាសាលាថា ការជ្រើសរើសកម្ពុជាជាដៃគូ ក្នុងការពិភាក្សាលើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំរបស់កម្ពុជា ដែលមានគោលនយោបាយ បើកចំហរដ៏ប្រសើរចំពោះការវិនិយោគ។
បន្ថែមពីលើនេះ មានមូលហេតុសំខាន់ៗចំនួនបី ដែលវេទិកាសេដ្ឋកិច្ចពិភពលោក សម្រេចជ្រើសយកកម្ពុជាជាដៃគូ ក្នុងដំណើរការនេះគឺ៖
១៖ កម្ពុជា សម្រេចបាននូវភាពជោគជ័យដ៏ធំធេង ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងកំណើនគួរឲ្យមោទនៈជាមធ្យមប្រមាណជាង៥០ភាគរយ ចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន ហើយវិធានការផ្តល់ កិច្ចសម្រួលវិនិយោគ អាចបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវជោគជ័យនេះ។
២៖ ខណៈពេលដែលកម្ពុជា ត្រូវការការអភិវឌ្ឍស្របពេល ដែលកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា៧ភាគរយ តាំងពីឆ្នាំ២០១១មក បទពិសោធន៍របស់កម្ពុជា ក្នុងការធ្វើអានុភាវូបនីយកម្មការ វិនិយោគសម្រាប់ការអភិវឌ្ឍ អាចជួយប្រទេសផ្សេងទៀត ក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗ នៃការអភិវឌ្ឍពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។
៣៖ កម្ពុជា បានក្រសោបយកនូវកិច្ចសហការ ធ្វើការរួមគ្នារវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានបង្ហាញនូវការគាំទ្រយ៉ាងសកម្ម ពីរាជរដ្ឋាភិបាលសម្រាប់កិច្ចសហការគ្នា រវាងរដ្ឋនិងឯកជន ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគបន្ថែមទៀត ដែលប្រការនេះ គឺស្របគ្នានឹងបេសកកម្ម របស់វេទិកាសេដ្ឋកិច្ចពិភពលោក។
លើសពីនេះទៅទៀត កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងអង្គការពាណិជ្ជកម្មពិភពលោក ក្នុងឋានៈជាភ្ញៀវកិត្តិយស នៃការពិនិត្យឡើងវិញ ជាសកលនូវជំនួយសម្រាប់ពាណិជ្ជកម្ម កាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងមក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមរយៈការចែករំលែកបទពិសោធន៍ ជាមួយពិភពលោករបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នាពេលនោះ។
ឈរលើមូលដ្ឋានខាងលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោក និងកម្ពុជា អាចធ្វើការរួមគ្នា ដើម្បីចែករំលែកនូវរបកគំហើញ និងឧត្តម្មានុវត្ត ស្តីពីការផ្តល់កិច្ចសម្រួលវិនិយោគ ជាមួយប្រទេសដទៃទៀត ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌតំបន់ដទៃទៀត។
សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោក បានកត់សម្គាល់ថា កម្ពុជាបានដាក់ចេញនូវវិធានការសំខាន់ៗ ជាច្រើនពាក់ព័ន្ធនឹងការសម្រួលវិនិយោគសំដៅ ទាក់ទាញការវិនិយោគប្រកបដោយជោគជ័យ ដែលក្នុងនោះរួមមាន កញ្ចប់លើកទឹកចិត្ត និងការធានារ៉ាប់រងវិនិយោគ, តម្លាភាពនិងភាពអាចប៉ាន់ប្រមាណបាន, ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ, ដំណោះស្រាយ ICT និងបញ្ជរតែមួយ -ល-។
វិធានការទាំងនោះ មានចរិតលក្ខណៈដើមស្រដៀង ទៅនឹងអ្វីដែលវេទិកាពិភពលោក បានរៀបចំឡើងសម្រាប់ការពិភាក្សា ក្នុងសិក្ខាសាលានេះ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយមានការពិភាក្សាយ៉ាងផុលផុសលើវិធានការចាំបាច់សម្រាប់ផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញផ្តល់សុន្ទរកថាបិទ កម្មវិធីដោយបានសង្កត់ធ្ងន់ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញវិនិយោគសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពស្របតាមគោលការណ៍ «អភិវឌ្ឍន៍បៃតង» និងបង្កើតសហគ្រិនភាពកសិកម្មថ្មីៗ ដើម្បីរួមចំណែកដល់ការរីកលូតលាស់ កសិកម្មប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន តាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ ឲ្យកាន់តែប្រសើរជាងមុន៕