(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ តាមរយៈសារព័ត៌មាន FRESH NEWS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះនាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងតែបានគិតគូរដល់ សិស្ស-និស្សិតក្រីក្រកម្ពុជា ឲ្យទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា ។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដល់សិស្សឆ្នើមដែលប្រឡងជាប់បាក់ឌុបបាននិទ្ទេស A និង B ប៉ុន្តែខ្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុសម្រាប់បន្តការសិក្សា ។
លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn បានឲ្យដឹងថាអាហាររូបករណ៍ សម្តេចតេជោគឺជាការបើកច្រកឲ្យសិស្សឆ្នើមនិទ្ទេស A ឬ B ដែលខ្សត់ខ្សោយខាងផ្នែកហរិញ្ញវត្ថុ អាចទទួលបានការអប់រំមួយដ៏ល្អបំផុត សម្រាប់អនាគតរបស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP ចុះថ្ងៃទី ១៧ កញ្ញា ២០១៩ អាហារូបករណ៍ ៥ កន្លែងសម្រាប់រយៈពេល៤ឆ្នាំពេញនឹងផ្តល់ជូនលើជំនាញទំនាក់ទំនងអន្តរជាតិសម្រាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត ។ AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ ក្នុងនោះសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។
លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn បានលើកទឹកចិត្តសិស្សដែលប្រឡងជាប់បាក់ឌុបនិន្ទេស A និង B ទាំងអស់ សាកសួរព័ត៌មាននៅការិយាល័យអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានទីតាំងនៅផ្ទះលេខ ៤ ផ្លូវ ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងតាមរយៈទូរស័ព្ទលេខ ០១២ ៧៦៥ ៦៨៦ ឬ នៅ AUPP ដែលមានទីតាំងស្ថិតនៅ អគារលេខ២៧៨ H ភូមិក្រោលគោ ផ្លូវ២០១R សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៩០ ០២៣ ឫ ០១២ ២៦៦ ៦៣១៕