(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយ លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុង ហាណូយ ប្រទេសវៀតណាម ។
នៅក្នុងជំនួបពិភាក្សានោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក Saud F.M. Al Suwelim នាឱកាសដែលលោកត្រូវបានរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា ខណៈដែលប្រទេសទាំងពីរ កម្ពុជា និងអារ៉ាប៊ីសាអូឌីត កំពុងរឹតចំណងការទូត និងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលបាននាំមកនូវ លទ្ធផលប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់។ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃនេះ នឹងកសាងជា មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់បង្កើនវិសាលភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរនាពេលអនាគត ។
លោក Saud F.M. Al Suwelim បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាពក្នុងរយៈពេល ជាងពីរទសវត្សកន្លងមក។ លើសពីនេះ, កម្ពុជារក្សាបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ប្រកបដោយវឌ្ឍនភាព និងវិបុលភាព។
លោកឯកអគ្គរាជទូត បានកត់សំគាល់ឃើញផងដែរថា នៅកម្ពុជាប្រជាជនកាន់សាសនាអ៊ីស្លាមរស់នៅ ប្រកបដោយភាពសុខដុមរមនា ជាមួយប្រជាជនកាន់សាសនាផ្សេងទៀត ដែលបានបង្ហាញពីការគោរពសិទ្ធិមនុស្ស និង សេរីភាពខាងជំនឿ និងសាសនាយ៉ាងទូលំទូលាយ ។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូតបានគូសបញ្ជាក់ថា មូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការអភិវឌ្ឍ (Saudi Fund for Development-SFD) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មានបំណងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ជាឥណទានសម្បទានជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅអនុត្តគម្រោងសំដៅរួម ចំណែកបង្កើនល្បឿននៃការអភិវឌ្ឍ នៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនលោកឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតថា កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ចក្ខុវិស័យ វែងឆ្ងាយ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការកែទម្រង់គ្រប់ជ្រុងជ្រោយ ដើម្បីទាក់ទាញការវិនិយោគ សម្រួលពាណិជ្ជកម្ម និង ជំរុញសកម្មភាព សេដ្ឋកិច្ចនៅកម្ពុជា។ ពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់ ដែលវិនិយោគិនអារ៉ាប៊ីសាអូឌីតគួរមក ស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន យល់ឃើញថា បច្ចុប្បន្ន វិសាលភាពនៃកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងអារ៉ាប៊ីសាអូឌីត នៅមិនទាន់ស័ក្តិសមជាមួយសក្តានុពលដែលប្រទេស ទាំងពីរមាននៅឡើយ។ ដូចនេះ ប្រទេសទាំងពីរនៅមានកាលានុវត្តភាពជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហ- ប្រតិបត្តិការ ។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំ ទាំងកម្រិតនយោបាយ ទាំងកម្រិតបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ច នៃប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការឲ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត ។ ដោយឡែក ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងមូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការអភិវឌ្ឍ ដែលមានបំណងផ្តល់ឥណទានសម្បទាន ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះគឺជាប្រភពហិរញ្ញប្បទានថ្មីមួយទៀត សម្រាប់បំពេញតម្រូវការ របស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពិភាក្សាជាមួយមូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការអភិវឌ្ឍ អំពីលក្ខខណ្ឌនៃឥណទាននេះ មុននឹងឈានទៅកំណត់ វិស័យអាទិភាព និងលើកសំណើគម្រោង ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈរបស់ រាជរដ្ឋាភិបាលកម្ពុជា សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅក្នុងរយៈពេលវែង និងមិនមាន ហានិភ័យបំណុល ។
ឆ្លៀតក្នុងឱកាសនោះដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជដ្ឋាភិបាល និងប្រជាជនអារ៉ាប៊ីសាអូឌីត ដែលបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយជូនពរសូមឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត Saud F.M. Al Suwelim បំពេញ បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ ៕