(កំពង់ចាម)៖ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ឡាំ ហេង ហួត អនុប្រធាន (គ.ជ.គ.ម), លោក ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម, លោក ម៉ម អំណត់ រដ្ឋលេខាធិការ និងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផលប៉ះពាល់ដែលបង្កដោយទឹកជំនន់ ក្នុងរយៈពេលកន្លងមកនេះ ខេត្តកំពង់ចាម មានស្រុកចំនួន៥ បានជួបនូវគ្រោះទឹកជំនន់ បង្កផលប៉ះពាល់លើដំណាំស្រូវរដូវវស្សាសរុប ចំនួន៥,២០៩ហិកតា តែបានប្រសើរឡើងវិញ ក្រោយទឹកបានស្រកចុះ ចំនួន៤១,១៣៤ហិកតា និងទទួលរងការខូចខាត ចំនួន១,០៧៥ហិកតា។
លោកអភិបាល បានបន្តថា ដោយឡែកដំណាំរួមផ្សំផ្សេងៗ ប៉ះពាល់ចំនួន១២ហិកតា ក្រោយទឹកស្រក បានប្រសើរឡើងវិញចំនួន០.៤ហិកតា ខណៈ០.៨ហិកតា ទៀតបានខូចខាត ព្រមទាំងដំណាំរយៈពេលវែង ប៉ះពាល់ចំនួន៤១៤ហិកតា ប៉ុន្តែពុំបណ្តាលឲ្យខូចខាតនោះ គឺនៅល្អប្រសើរ១០០%។
ជាការឆ្លើយតបរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ស្រូវពូជដល់ ខេត្តកំពង់ចាម ចំនួន១០៧តោន សម្រាប់៥ស្រុក និងខេត្តត្បូងឃ្មុំ ចំនួន១៥២តោន សម្រាប់ចែកជូនបន្ទាន់ ដល់ប្រជាកសិករដើម្បីដាំដុះស្តាឡើងវិញឲ្យទាន់ពេលវេលា នារដូវទឹកសម្រកនេះ។
ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដែលជួយសហការបានល្អ ក្នុងកំលុងពេលប្រតិបត្តិជន្លៀស និងសង្រ្គោះប្រជាពលរដ្ឋទាន់ពេលវេលាពេលទឹកជំនន់ខ្លាំងបែបនេះ។
ទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ថ្វីបើទឹកទន្លេបានស្រកខ្លះមែន តែមិនប្រាកដថាគ្មានទឹកជំនន់ទៀតនោះទេ ពិសេសបណ្តាខេត្តតាមដងទន្លេមេគង្គក្រោម និងខេត្តជុំវិញបឹងទន្លេសាប ដូច្នេះសំណូមពរឲ្យក្រសួងពាក់ព័ន្ធនានា និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុងរហូតដល់មូលដ្ឋាន ត្រូវបន្តតាមដាននៅពេលគ្រោះមហន្តរាយកើតឡើង ដោយធម្មជាតិ និងមនុស្សបង្កឡើង។ ជាក់ស្តែង ខេត្តតាមដងទន្លេមេគង្គ បានទទួលឥទ្ធិពល បាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងផលដំណាំប្រជាពលរដ្ឋ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងទៀតថា កន្លងមកក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការដ៏ល្អ ជូនសម្តេចតេជោ ហ៊ុន សែន លោកបានសំណូមដល់ក្រសួង ស្ថាប័នពាក់ព័ន្ធសហការ និងផ្តល់ការគាំទ្របច្ចេកទេស អាចជួយដោះស្រាយតម្រូវការប្រជាពលរដ្ឋរងគ្រោះ ឲ្យទាន់ពេលវេលាទាំងក្នុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង។
ឆ្លៀតក្នុងឱកាសនេះដែរ ទេសរដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេ និងការងារទប់ស្តាត់កន្លងមក និងរកមធ្យោបាយបន្តការងារនេះ នៅក្រោយទឹកស្រកវិញនៅភូមិរការធំ និងភូមិកំពង់ឬស្សី ក្នុងឃុំជីរោ១ ស្រុកត្បូងឃ្មុំ។ បន្ទាប់ជ្រោយមក ក៏បានបន្តចុះពិនិត្យស្ថានភាពផលប៉ះពាល់ និងខូចខាតស្រូវដោយសារ ទឹកជំនន់នាពេលថ្មីៗ នៅភូមិជ្រោយស្រឡៅ ឃុំទន្លេបិទ ដើម្បីផ្តល់ពូជស្រូវក្នុងការស្តារឡើងវិញ។
ក្នុងនាមអាជ្ញាធរដែនដីតំណាងឲ្យប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងផ្តល់អំណោយឧបត្ថម្ភបានទាន់ពេលវេលា និងបានខិតខំបំពេញភារកិច្ច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះបានទាន់ពេលវេលា៕