(ស្វាយរៀង)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អភិបាលស្រុកស្វាយជ្រុំ ដឹកនាំដោយលោក ហែម សារិទ្ធ បានចុះដឹកនាំក្រុមការជួសជុលផ្លូវ ដោយក្រាលខ្សាច់ភ្នំជាង ៦គីឡូម៉ែត្រ ដោយជួសជុលរួចរាល់ ១០០ភាគរយដូចការគ្រោងទុក។
ការចុះជួសជុលផ្លូវមួយខ្សែនេះ បានធ្វើឡើងនារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ចាប់ពីឃុំកំពង់ចំឡង ដល់ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២ ខែតុលានេះថា ដោយមានការណែនាំ និងចិត្តទុកដាក់របស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ផ្លូវក្រាលខ្សាច់ភ្នំប្រវែង៦គីឡូម៉ែត្រ ត្រូវបានជួលជុលសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈ និងយោងតាមអនុសាសន៍ណែនាំរបស់ អភិបាលខេត្តស្វាយរៀង ក្នុងឱកាសដែលអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចុះជួយស្ទួងស្រូវជូនប្រជាពលរដ្ឋនៅភូមិអង្គសាលា ឃុំចំបក់ ហើយបានចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចុះសិក្សា និងធ្វើការជួសជុលផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែប្រវែង៦,០០០ម៉ែត្រ ដែលកំពុងរងការខូចខាតខ្លាំងចាប់ពីឃុំកំពង់ចំឡង ដល់ឃុំចំបក់ ស្រុកស្វាយជ្រំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។
លោកបានបន្តថា ទិសដៅនៅពេលខាងមុខ ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពស្រុក និងខិតខំពង្រឹងការងារសន្តិសុខ សាធារណៈនៅមូលដ្ឋាន ឱ្យបានល្អប្រសើរ និងជំរុញការអភិវឌ្ឍជាមួយគ្រប់ដៃគូរ ដើម្បីធ្វើយ៉ាងណាឱ្យមានរីកចម្រើនលើគ្រប់វិស័យ និងបន្តដោះស្រាយនូវសំណូមពរ និងកង្វល់នានាទាំងសេវាតម្រូវការ និងសេវាសំណូមពរនៅមូលដ្ឋានឱ្យមានតម្លាភាព និងគណនេយ្យភាពល្អប្រសើរ ផងដែរ៕