(កំពត)៖ កម្មករ-កម្មការិនីប្រមាណ ២៤នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈជិះរថយន្តទៅធ្វើការ នៅរោងចក្រចំណុចបឹងត្រកួនក្នុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤១ ចំណុចចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតក្នុងភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

លោកវរសេនីយ៍ឯក ម៉ី សុខុម អធិការនគរបាលស្រុកជុំគិរី បានប្រាប់ឲ្យដឹងថា ពិតជាមានករណីរថយន្តសាំយ៉ុងដឹកកម្មករ-កម្មការិនី ចេញពីស្រុកជុំគិរី ទៅធ្វើការនៅរោងចក្រ ចំណុចបឹងត្រកួន ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រឡាប់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលប្រមាណ ២៤នាក់ ប្រាកដមែន ក្នុងនោះបុរស ៣នាក់។

លោកអធិការបន្តថា ករណីរថយន្តបង្កខាងលើ មូលហេតុដែលបណ្ដាលឱ្យរថយន្ដបង្ក ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1542 នេះ ជួបឧប្បត្តិហេតុ ក្រឡាប់ ដោយសាររថយន្តបើកក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ហើយបែកកង់មុខខាងស្ដាំ ក៏បណ្ដាលឲ្យជួបគ្រោះថ្នាក់បែបនេះតែម្ដងទៅ។

ក្រោយហេតុការណ៍ភ្លាម ប្រជាពលរដ្ឋនៅក្បែរចំណុចកើតហេតុ បានរាយការណ៍មកសមត្ថកិច្ច។ ហើយកម្លាំងក៏បានចុះដល់កន្លែងកើតហេតុធ្វើការសង្គ្រោះជនរងគ្រោះទាំង ២៤នាក់ ដោយមាន ១៦ នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។ រីឯ៨នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឈូក ខេត្តកំពត។

លោកអធិការ ក៏បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង ២៤នាក់ ក្នុងចំណោមអ្នកជិះរថយន្តជាមួយគ្នាផ្សេងទៀត ដែលមិនរងគ្រោះនោះសុទ្ធតែមានលំនៅដ្ឋាន ក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ដែលបានចេញទៅធ្វើការនៅរោងចក្រ ក្នុងចំណុចភូមិសាស្ត្រខាងលើនេះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយពីមានព័ត៌មានគ្រោះថ្នាក់ដូចករណីខាងលើ លោក ជាវ តាយ អភិបាលខេត្តកំពត រួមជាមួយមន្ត្រីពាក់ព័ន្ធ បានធ្វើដំណើរទៅចុះសួរសុខទុក្ខជនរងគ្រោះទាំងនៅក្នុងខេត្តតាកែវ និងស្រុកឈូក ខេត្តកំពតនាវេលាព្រឹកថ្ងៃនេះផងដែរ៕