(ភ្នំពេញ)៖ ស្រាបៀរដ៏ចំណាស់មួយរបស់ចិន ឈ្មោះ ហុងម៉េង (Hong Meng) ដែលមានអាយុកាល រហូតដល់ជាង៣០០ឆ្នាំ បានបង្ហាញវត្តមាននៅលើទីផ្សាររបស់កម្ពុជាជាផ្លូវការ កាលពីម្សិលមិញនេះ។
ពិធីសម្ពោធស្រាបៀរដ៏ចំណាស់នេះ បានធ្វើឡើង នៅសណ្ឋាគារ ហ័ង សាន រាជធានីភ្នំពេញ ដោយមានការរអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជរដ្ឋាភិបាល បណ្តាអ្នកវិនិយោគិនខ្មែរ និងបរទេសផងដែរ។
លោក Zhou Tie Zhong ប្រធានក្រុមហ៊ុន «Hong Meng» ប្រចាំប្រទេសកម្ពុជា បានថ្លែងថា មូលហេតុដែលក្រុមហ៊ុនលោកសម្រេចចិត្តនាំចូលស្រាបៀរ ម៉ាក «Hong Meng» របស់ខ្លួនចូលមកកាន់ទីផ្សាររបស់កម្ពុជា ដោយសារតែ បច្ចុប្បន្ននេះ កម្ពុជាជាទីផ្សារសំខាន់មួយ ហើយកម្ពុជា គោលនយោបាយអនុគ្រោះ និងមានប្រជាពលរដ្ឋចិន កាន់តែច្រើនឡើងបន្តសម្រុកមកវិនិយោគ និងស្នាក់នៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេស១ នៅក្នុងតំបន់អាស៊ាន ដែលក្រុមហ៊ុនលោកសម្រេចចិត្តជ្រើសរើសដាក់វិនិយោគ ដើម្បីនាំយកទៅចែកចាយនៅលើទីផ្សារប្រទេសនានា នៅក្នុងតំបន់ ហើយស្រាបៀរនេះមានអាយុកាលជាង៣០០ឆ្នាំមកហើយ ព្រមទាំងមានរោងចក្រយ៉ាងនៅក្នុងប្រទេសចិន សម្រាប់ធ្វើការនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។
លោក Zhou Tie Zhong បានបញ្ជាក់ថា នៅថ្ងៃខាងមុខដល់ខ្លីនេះ ក្រុមហ៊ុនលោកនឹងបង្កើតរោងចក្រផលិតស្រាបៀរនេះនៅជិតខេត្តព្រះសីហនុ ដោយចំណាយដើមទុនដំបូងជាង ១៥លានដុល្លារ ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ដែលអញ្ជើញជាភ្ញៀវកិត្តិយសសំខាន់ ក្នុងកម្មវិធីសម្ពោធស្រាបៀរនេះ បានថ្លែងអំណរគុណដល់ វិនិយោគិនចិន ដែលបានជឿជាក់លើប្រទេសកម្ពុជា និងបាននាំគ្នាសម្រុកមកវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា។ លោកជូនពរឱ្យអ្នកវិនិយោគិនទាំងអស់ ទទួលបានភាពជោគជ័យ លើវិស័យជំនួញរបស់ខ្លួន។
នាយឧត្តមសេនីយ៍បានបន្តថា ការមកបន្តទុនវិនិយោគរបស់ក្រុមហ៊ុនបរទេសនៅកម្ពុជា វាជាផ្នែកមួយធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា សម្បូរការងារធ្វើ ហើយមួយវិញទៀត ក៏ជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕